ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរនៅលើសង្វៀន ៨ ទិសនាសប្តាហ៍នេះកាន់តែកក្រើក កាន់តែពិសេសជាមួយនឹងវត្តមានកីឡាករល្បីៗជាច្រើន ដែលបានណាត់គ្នាឡើងប្រកួតសាកណ្ដាប់ដៃគ្នា នៅលើសង្វៀនWurkz ប្រដាល់គុនខ្មែរ ៨ ទិស នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៣នេះ។

ការប្រកួតនៅលើសង្វៀន Wurkzទិសដ៏ស្រស់ស្អាតមានតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនាំមកជូនដោយស្ថានីយទូរទស្សន៍ថោនរួមសហការជាមួយនឹងភេសជ្ជៈប៉ូវកម្លាំងវើក ក៏មានការប្រកួតលក្ខណៈ Mas Fight មួយទឹកប្រាំបួននាទីចំនួន ២ គូផងដែរ។ ក្នុងនោះកីឡាករម៉ន ភារម្យ ត្រូវប្រកួតប៉ះជាមួយនឹងកីឡាករ នី វណ្ណា ប្រកួតក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម។

គូពិសេសទី ២ កីឡាករឡុង ខេត្ត មកពីក្លឹបខ្លារខិនមានរិទ្ធ ត្រូវប្រកួតជាមួយកីឡាករ ណង សៅ មកពីក្លឹបនរាយតេជៈគុនខ្មែរ។
ហើយក៏មានការប្រកួតគូរមិត្តភាពអន្តរជាតិផងដែរ រវាងកីឡាករកម្ពុជាប៉ះជាមួយនឹងកីឡាករអ៊ីតាលី គឺរិទ្ធី នីដេត មកពីក្លឹបអរុណរះកីឡា ប្រកួតជាមួយកីឡាករសាមួល តូកាណូ មកពីប្រទេសអ៊ីតាលី ប្រកួតក្នុងប្រភេទទម្ងន់ ៦៧ គីឡូក្រាម។

ការប្រកួតគូរមិត្តភាពអន្តរជាតិបីទឹក មួយទឹកមានរយៈពេលបីនាទីបន្តទៀតគឺកីឡាករ ខាំ ខ្លានាង ប្រកួតជាមួយកីឡាករអ៊ីយ៉ូដ មកពីប្រទេសថៃ។ ការប្រកួតគូឯកចុងក្រោយគឺជាការជួបគ្នារវាងកីឡាករឡុង បេនលឿន ត្រូវប៉ះជាមួយ ឃុន ឆាងបាន់ឆាដែន មកពីប្រទេសឡាវ។

កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា នៅថ្ងៃស្អែកចាប់ពីវេលាម៉ោង ៧ យប់តទៅ បងប្អូនអាចចូលរួមទស្សនាដោយសេរីបាននៅស្ថានីយទូរទស្សន៍ថោន ដែលមានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ថោន ក៏ដូចជាផេក Town Sports និង Wurkz ផងដែរ៕

ដោយ៖វិកគី

