ភ្នំពេញ ៖ ជំនួបដ៏ក្តៅគគុករវាងកីឡាករគុនខ្មែរ រឿង សោភ័ណ្ឌ ដែលជាតួអង្គអវតាមួយរូបក្នុងចំណោមតួអង្គអវតាទាំង៤រូប ដែលនឹងត្រូវឡើងប្រកួតដណ្តើមខ្សែក្រវាត់« Techo Santhepheap Kun Khmer World Champion»របស់ស្ថានីយទូរទស្សថោននាល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៣នោះគឺរូបគេត្រូវប៉ះជាមួយដៃគូចាស់ឆាង ភឿក មកពីប្រទេសថៃ ជាការប្រកួតជម្រះបញ្ចីចាស់រយៈពេល១០ឆ្នាំមកហើយ ដែលសោភ័ណ្ឌធ្លាប់ចាញ់ក្រោមកណ្តាប់ដៃរបស់កីឡាករជើងខ្លាំងថៃរូបនេះ។

ក្នុងការប្រកួតគូគុនខ្មែរអន្តរជាតិនេះគឺមាន ៣ទឹក ដោយ១ទឹកមានរយៈពេល៣នាទី។ សូមរំលឹកពីប្រវត្តិចាស់របស់កីឡាករជើងខ្លាំងទាំងពីររូបនេះ កន្លងមកពួកគេធ្លាប់បានប៉ះគ្នាម្តងរួចមកហើយ កាលពី១០ឆ្នាំមុន ដោយកាលណោះ រឿង សោភ័ណ្ឌ បានប្រកួតចាញ់ឆាង ភឿក ។រឿង សោភ័ណ្ឌ ក៏បានបញ្ចាក់ផងដែរថា កាលណោះ ឆាង ភឿកជាកីឡាករល្អខ្លាំង មូលហេតុនៃការចាញ់របស់គេ ដោយសារកាលណោះរូបគេមានបញ្ហាដៃ ។

សោភ័ណ្ឌបានបន្ថែមថា បើនិយាយពីបច្ចុប្បន្នវ័យដៃគូរបស់គេ ក៏នៅតែជាកីឡាករជើងខ្លាំងមួយរូប ហើយក៏ជាម្ចាស់ខ្សែក្រវ៉ាត់ជាច្រើនស្ថានប័នផងដែរ។ ប៉ុន្តែរូបគេហាក់បីដូចជាមានសង្ឃឹមច្រើន ព្រោះកន្លងមកការប្រកួតក្រោយៗរបស់គេសុទ្ធតែងាយស្រួល ហើយយកឈ្នះដៃគូច្រើន ។

ទោះជាយ៉ាងនេះក្តីសោភ័ណ្ឌ ក៏នៅតែបង្ហើបថា ការប៉ះគ្នាជាថ្មីម្តងទៀតជាមួយឆាងភឿង ឬចេស្តានេះ ជាការប្រកួតមួយ ដែលតានតឹង ប៉ុន្តែរូបគេបានប្តេជ្ញាចិត្តខ្ពស់ថា នឹងធ្វើឱ្យបានសម្រេច ហើយបោះពាក្យមួយឃ្លាទៅកាន់ដែគូប្រកួតថា «ចិត្តកូនប្រុសចាំសងសឹក១០ឆ្នាំក្រោយ ក៏មិនទាន់ហួសពេលដែរ ឥឡូវនេះ១០ឆ្នាំក្រោយបានជួប និងសងសឹកពិតប្រាកដមែន»។

គួរជម្រាបផងដែរថា ព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យនេះនឹងរៀបចំធ្វើឡើងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នាចុងសប្តាហ៍នេះ នៅស្ថានីយទូរទស្សន៍ថោន ដែលមានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កម្មវិថិចាប់ផ្តើមពីវេលាម៉ោង ៧យប់តទៅ៕
ដោយ៖ វិកគី

