ភ្នំពេញ៖ ក្រោយពីចប់ការប្រកួតដ៏កក្រើកស្រុកខ្មែរ នៅលើសង្វៀនរបស់ស្ថានីយទូរទស្សន៍ថោន ដណ្តើមខ្សែក្រវាត់តេជោសន្តិភាពគុនខ្មែរវើលឆេមពាន នាពេលថ្មីៗនេះ កីឡាករ ផល សោភ័ណ្ឌបានសរសេរសារបង្ហោះនៅលើផេកផ្ទាល់ខ្លួនថា« បើមិនអស់ចិត្តអាចសងសឹកបាន! បើសិនជាអាចវៃដណ្តើមខ្សែក្រវ៉ាត់ISKAម៉ងទៅខ្ញុំចាប់អារម្មណ៍! ៥ទឹកម៉េចដែរបងប្អូន!»។សាររបស់ផល សោភ័ណ្ឌ បានធ្វើឱ្យមហាជន ដែលជាអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរមានការចាប់អារម្មណ៍ និងគាំទ្រគ្រប់គ្នា។

ជាមួយនឹងការបង្ហោះសាររបស់ផល សោភ័ណ្ឌនេះ បានធ្វើឱ្យអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរបានចូលទៅសរសេរខំមិនយល់ស្រប និងគាំទ្រគ្រប់គ្នាថា ចង់ឱ្យមានការប្រកួតសងសឹកបែបនេះម្តងទៀតដើម្បីឱ្យដាច់ស្រឡះ បន្ទាប់ពីការប្រកួតដែលមានការគាំទ្រ និងអ្នកទស្សនារហូតដល់ជាង500k។
សូមជម្រាបផងដែរថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ផល សោភ័ណ្ឌ បានប្រកួតឈ្នះកីឡាករមីហ្គេល របស់ព័រទុយហ្គាល់ដោយពិន្ទុក្នុងការប្រកួតគូគុនខ្មែរអន្តរជាតិ៣ទឹកនៅសង្វៀនថោន តែកីឡាកររូបនេះហាក់បីដូចជាមិនទាន់អស់ចិត្តនឹងលទ្ធផល រហូតដល់ធ្វើឱ្យផល សោភ័ណ្ឌចេញមុខ ប្រកាសចង់ប៉ះគ្នាជាថ្មីម្តងទៀតដើម្បីជម្រះបញ្ជីឱ្យដាច់ស្រឡះ និងអស់ការសង្ស័យ។

គួរឱ្យដឹងផងដែរថា កីឡាករគុនខ្មែរដែលមានរហស្សនាមដំរីភ្លុកពិឃាតផល សោភ័ណ្ឌ រូបនេះជាអ្នកប្រដាល់ ដែលមានបទពិសោធជោគជាំ ទាំងលើការប្រកួតប្រដាល់សកល និងគុនខ្មែរ ហើយរូបគេក៏បានក្លាយជាបេក្ខភាពរបស់កម្ពុជាដំបូងគេ ដែលដណ្តើមបានខ្សែក្រវាត់កម្រិតពិភពលោក IPCC Kun Khmer ប្រភេទទម្ងន់ ៦៣,៥ គីឡូក្រាម ដែលរៀបចំដោយស្ថានីយទូរទស្សន៍ថោន។ជាមួយនឹងជ័យជម្នះនេះ បានជំរុញឱ្យ សោភ័ណ្ឌ ហ៊ានដាក់គោលដៅកាន់តែធំ គឺការឈានទៅរកការបង្កើតបាននូវស្នាដៃកាន់តែធំ សម្រាប់គុនខ្មែរ នៅក្រៅប្រទេស។

វាមិនមែនជាលើកដំបូងនោះទេ ដែល ផល សោភ័ណ្ឌ ដណ្តើមបានខ្សែក្រវាត់ ពីការប្រកួតនៅក្នុងវិស័យកីឡាប្រដាល់គុនខ្មែរនេះ ព្រោះការព្យាយាមជម្នះឧបសគ្គ និងការលំបាក រាប់មិនអស់ ដោយប្រើញើសឈាមស្រស់ នៅលើសង្វៀនអស់រយៈពេលជាង ១៣ ឆ្នាំមកនេះ សោភ័ណ្ឌ ដណ្តើមបានខ្សែក្រវាត់ចំនួន ៤ ទាំងលើកនេះ ហើយរូបគេ ក៏បានឈ្នះមេដាយមាស ពីការប្រកួតជើងឯកថ្នាក់ជាតិ សឹងរាប់ភ្លេចផងដែរ៕

ដោយ៖វិកគី

