ភ្នំពេញ៖ នេះគឺជាដំណឹងដ៏រីករាយមួយដែលអ្នកគាំទ្របាល់ទះនៅក្នុងប្រទេសកម្ពុជាបានទន្ទឹងរង់ចាំជាយូរណាស់មកហើយ កម្ពុជានឹងបង្កើតលីគបាល់ទះអាជីពនៅក្នុងពេលឆាប់ៗនេះ ដែលត្រៀមប្រកួតអន្តរជាតិ។

យោងតាមសហព័ន្ធកីឡាបាល់ទះកម្ពុជាបានឱ្យដឹងថា សហព័ន្ធគ្រោងបង្កើតលីគបាល់ទះអាជីពជាលើកដំបូង ដើម្បីជំរុញ និងអភិវឌ្ឍន៍កីឡាបាល់ទះនៅកម្ពុជាឱ្យមានការរីកចម្រើនដូចប្រទេសជាច្រើននៅតំបន់អាស៊ាន ក៏ដូចជាពិភពលោក ដែលមានលីគបាល់ទះប្រចាំឆ្នាំ។

គួរឱ្យដឹងផងដែរថា សហព័ន្ធកីឡាបាល់ទះកម្ពុជាគ្រោងបង្កើតយលីគបាល់ទះកំពូលកម្ពុជា នៅក្នុងពេលឆាប់ៗខាងមុខនេះ។ បន្ទាប់ពីរៀបចំការប្រកួតបាល់ទះពានរង្វាន់ ស សុខា ឆ្នាំ២០២៣ ទទួលបានជោគជ័យ លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានឱ្យដឹងថា ការបង្កើតលីគបាល់ទះអាជីពនៅកម្ពុជានេះ ពិតជាសំខាន់ណាស់សម្រាប់កីឡាករបាល់ទះកម្ពុជា ដើម្បីទទួលបានឱកាសច្រើនក្នុងការបង្ហាញសមត្ថភាព និងបង្កើនបទពិសោធ។

សូមជម្រាបផងដែរថា កម្ពុជាមិនធ្លាប់មានលីគបាល់ទះ ជាពានរង្វាន់បាល់ទះធំបំផុតនោះទេ ប៉ុន្តែធ្លាប់រៀបចំការប្រកួតជើងឯកថ្នាក់ជាតិ Leo Cup កាលពីប៉ុន្មានឆ្នាំមុន ដែលមានក្រុមបាល់ទះល្បីៗនៅក្នុងប្រទេសកម្ពុជាចូលរួមប្រកួត។ ទោះបីជាយ៉ាងណា ប៉ុន្មានឆ្នាំចុងក្រោយនេះ ពានរង្វាន់ថ្នាក់ជាតិកម្រិតអាជីពនេះក៏លែងរៀបចំការប្រកួតទៅវិញ។

ចំណែកគម្រោងបង្កើតលីគនេះគឺដើម្បីឱ្យវិស័យកីឡាករបាល់ទះជម្រើសជាតិកម្ពុជាត្រៀមខ្លួនបានច្រើន និងល្អប្រសើរសម្រាប់ការប្រកួតលើឆាកអន្តរជាតិ ជាពិសេសក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី Asian Games នៅប្រទេសចិនដែលកម្ពុជាត្រូវជួបកូរ៉េខាងត្បូង និងឥណ្ឌា ព្រមទាំងត្រៀមខ្លួនសម្រាប់កីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ ព្រមទាំងពានរង្វាន់អន្តរជាតិជាច្រើនទៀតផងដែរ៕

ដោយ៖ វិកគី

