ភ្នំពេញ ៖ ភ្នំពេញក្រោនបានបន្តកំណត់ត្រា ដោយបានយកឈ្នះក្រុមមកពីប្រទេសឡាវគ្រប់ពេលក្នុងវគ្គជម្រុះពានរង្វាន់ បាល់ទាត់កម្រិតទ្វីបអាស៊ី AFC Cup ក្រោយពីយកឈ្នះលើក្រុម Young Elephants នៅ វគ្គជម្រុះ Preliminary round 2 ដោយលទ្ធផល ២-០ លើទីលានកីឡដ្ឋាន Smart RSN ក្នុងរាជធានីភ្នំពេញ នាល្ងាចថ្ងៃពុធទី១៦ ខែសីហា ឆ្នាំ២០២៣នេះ។

សូមជម្រាបផងដែរថា ការប្រកួតក្រោមការ កាត់សេចក្តី ពីសំណាក់លោកអាជ្ញាកណ្ដាលជនជាតិ ឥណ្ឌា Pranjal Banerjee ដែលការប្រកួតចាប់ផ្ដើមពីម៉ោង ៦និង៣០នាទីក្រោយផ្អាកបណ្ដោះអាសន្ន ១៥ នាទីចំនួន ២លើក ព្រោះតែទឹកដក់លើទីលាន ដោយសារភ្លៀងធ្លាក់ខ្លាំង។ គ្រាប់បាល់ ជ័យជម្នះរបស់ម្ចាស់ផ្ទះភ្នំពេញក្រោនរកបាន ដោយ កីឡាករ បរទេស ចំនួន ៣រូប គឺ កីឡាករជប៉ុន Shintaro Shimizu, Yudai Ogawa និង កីឡាករកូឡុំប៊ី Andrés Nieto។ ចំណែក កីឡាករ របស់ Young Elephants គឺ កីឡាករ Emmanuel Jugbe Doe ត្រូវ លោក អាជ្ញាកណ្ដាលពិន័យកាតក្រហមនៅ ចុងវគ្គទី២។

បន្ទាប់ពីឈ្នះនៅវគ្គជម្រុះ Preliminary round 2 ក្រុម ភ្នំពេញក្រោនទទួលបានសិទ្ធិ បន្តឡើងទៅប្រកួត វគ្គ Play-off round ដែលមានក្រុម Tampines Rovers របស់សិង្ហបុរីកំពុង អង្គុយចាំខណៈ ការប្រកួតនឹងធ្វើឡើងនៅ ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៣ លើទីលានកីឡដ្ឋាន Jalan Besar Stadium នៅ ប្រទេសសិង្ហបុរី។
គួរំលឹកថាក្រុមភ្នំពេញក្រោនគឺជាក្រុមលីគ កំពូលកម្ពុជារដូវកាលឆ្នាំ ២០២២កន្លងទៅ ខណៈ នេះជាលើកទី២ ហើយដែល ក្រុម ភ្នំពេញក្រោនចូលប្រកួតត្រឹមវគ្គជម្រុះនេះ ដោយលើកដំបូង ក្នុង ឆ្នាំ ២០១៧ ភ្នំពេញក្រោន បានចាញ់ ក្រុម Home United (Lion City Sailors FC) ដោយ លទ្ធផល ជើង ទី១ នៅ ភ្នំពេញចាញ់ ៣ទល់៤ និងជើង ទី២ នៅ សិង្ហបុរីបន្ត ចាញ់ ៣-០ នេះជាប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់ក្រុមចាស៎វស្សាមួយនេះ៕

ដោយ៖ វិកគី

