ភ្នំពេញ៖ ការប្រកួតបើកឆាកដើមខែកញ្ញា នាចុងសប្តាហ៍នេះ សង្វៀនWurkz Kun Khmer ប្រមូលផ្តុំទៅដោយអ្នកលេងគុនខ្មែរទាំងជាតិ និងអន្តរជាតិ ចម្រុះជាតិសាសន៍បានណាត់គា្នសាកកណ្តាប់ដៃ នៅលើសង្វៀនប្រាំបីទិសដែលនាំមកជូនដោយស្ថានីយ៍ទូរទស្សន៍ថោន និងមានតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។


ការប្រកួតនៅលើសង្វៀន Wurkz Kun Khmer នាចុងសប្តាហ៍នេះគឺមានចំនួន៥គូ ដែលសុទ្ធសឹងតែអុ្នកលេងកណ្តាប់ដៃ រន្ទះជើងឥតស្រមោល មកអង្រួនសង្វៀនឱ្យកាន់តែកក្រើក។ក្នុងនោះការប្រកួតគូពិសេសគុនខ្មែរទី១ប្រភេទទម្ងន់ ៦៣.៥គីឡូក្រាមគឺជាការជួបគ្នារវាង កីឡាករប៉ុក សម្រេច ប៉ះជាមួយនឹង ឡុង អាភា ។ គូពិសេសទី២ មាស ណាឃីម ជួបប្រកួតជាមួយ សវណុ្ណឌឿន រស់ជាតិ ។ អ្នកលេងគុនខ្មែរថា សារុន នឹងឡើងមកប្តូរកណ្តាប់ដៃជាមូយ ជើងខ្លាំងវៃក្មេងខាំកូនខ្លា។


ចំណែកគូអន្តរជាតិវិញ កាន់តែជក់ចិត្តជាមួយវត្តមានកីឡាករកណ្តុរជ្រែកដីឡុង ពិសិទ្ធ ជួបប្រកួតជាមួយ ខារី អេចខេ យីម មកពីប្រទេសឡាវ។ ស្តេចតោរោមមាស ធន់ ចាន់តាក់ មកលេងកណ្តាប់ដៃជាមូយកីឡាករឆ្លងដែនមកពីប្រទេសថៃ ឈោកមង្ឃុន ផាក់យ៉ាក ។

ការប្រកួតនឹងចាប់ផ្តើមពីម៉ោង៧យប់ ថ្ងៃសៅរ៍ទី០២ ខែកញ្ញា ឆ្នាំ២០២៣ នៅស្ថានីយ៍ទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទស្សនិកជនអាចចូលរួមទស្សនាដោយសេរី៕

ដោយ៖ វិកគី

