ស្ងាត់ៗសៀមរាបយូណាយធីតតែងតាំងលោក Oriol Mohedano Segura ជនជាតិអេស្ប៉ាញ ជាគ្រូបង្វឹកថ្មី

ភ្នំពេញ៖ អតីតគ្រូអង្គរថាយហ្គឺរ និងភ្នំពេញក្រោនលោក Oriol Mohedano Segura ជនជាតិអេស្ប៉ាញ ត្រូវបានក្លឹបបាល់ទាត់សៀមរាបយូណាយធីត ប្រកាសតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្លឹបសៀមរាបយូណាយធីត។

ក្លឹបបាល់ទាត់សៀមរាបយូណាយធីតបានរៀបចំធ្វើពិធីចុះហត្ថលេខាជាផ្លូវការ តែងតាំង លោក Oriol Mohedano Segura ជាគ្រូបង្គោល និងជានាយកបច្ចេកទេសកីឡាជាផ្លូវការរបស់ក្លឹបបាល់ទាត់សៀមរាបយូណាយធីត កាលពីថ្ងៃអាទិត្យ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ដើម្បីជំនួសកៅអីលោក ម៉ែន ពិភព។

លោក Oriol Mohedano Segura មានកុងត្រារយៈពេល ៥ឆ្នាំ ក្នុងការរួមការងារជាមួយសៀមរាបយូណាយធីត។ លោក Oriol នឹងក្លាយជាចំណែកមួយ ក្នុងការបណ្តុះបណ្តាលក្រុមយុវជនអាយុក្រោម ១៤ឆ្នាំរបស់សៀមរាបយូណាយធីត ឱ្យទទួលបានការហ្វឹកហាត់ស្របតាមស្តង់ដារអន្តរជាតិ ព្រមទាំងជួយជ្រោមជ្រែងផងដែរ ដល់ផ្នែកបច្ចេកទេសនានា ក្នុងសាលាបាល់ទាត់របស់សៀមរាបយូណាយធីត ឬ Siem Reap United Soccer School ដែលបច្ចុប្បន្នមានការទទួលបណ្តុះបណ្តាលពីកម្រិតអាយុក្រោម ៩ឆ្នាំ រហូតដល់ក្រោម ១៦ឆ្នាំ។

លោក Oriol Segura បានមកប្រកបអាជីពនៅកម្ពុជាកាលពីឆ្នាំ២០១៦ ក្នុងនាមជាគ្រូបង្គោលក្លឹបភ្នំពេញក្រោន តែក្រោយដឹកនាំបាន៤ប្រកួត ដោយលទ្ធផលមិនសមប្រកប លោកក៏ព្រមព្រៀងបញ្ចប់កិច្ចសន្យាជាមួយក្រុមសិង្ហក្រហមពាក់កណ្ដាលផ្លូវ ហើយទៅចូលរួមជាមួយក្រុមជើងឯក នៃប្រទេសហ្វាំងឡង់ គឺក្លិប SJK Seinajoki ក្នុងនាមគ្រូជំនួយ។

ក្រោយមកលោក Oriol Mohedano Segura គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ កាន់អាជ្ញាប័ណ្ណ UEFA A License បច្ចុប្បន្នវ័យ៣៦ឆ្នាំ ធ្លាប់បានដឹកនាំក្លឹបបាល់ទាត់អង្គរថាយហ្គឺរ រយ:ពេល៤ឆ្នាំ ពោលគឺចាប់ពីឆ្នាំ ២០១៧-២០២១ សរុប១០០ប្រកួតគត់នៅទឹកដីអង្គរ។

នៅឆ្នាំ២០២២ លោក Oriol Segura ផ្លាស់ទៅចូលរួមជាមួយក្លឹបព្រះខ័នរាជស្វាយរៀង ចំនួន១រដូវកាល ក្នុងនាមជាគ្រូជំនួយរបស់លោក Conor Nestor និងបន្តផ្លាស់ទៅកាន់តំណែងជាគ្រូជំនួយនៅក្លឹបលីគកំពូលន័រវេស Raufoss IL។

 

សូមជម្រាបផងដែរថា ក្លឹបបាល់ទាត់សៀមរាបយូរណីធាតុជាក្លឹបបាល់ទាត់មួយ ដែលបានបង្កើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ប៉ុន្តែឃើញថាទទួលបានភាពជោគជ័យ និងមានប្រជាប្រិយភាពជាខ្លាំង ។ក្លឹបនេះមានទីតាំងស្ថិតនៅលើទឹកដីនៃខេត្តសៀមរាបផ្ទាល់ ដោយប្រើប្រាស់កីឡដ្ឋានហនុមាន ជាទឹកដីសម្រាប់ការប្រកួតផ្សេងៗ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២