ភ្នំពេញ៖ សប្ដាហ៍នេះជើងខ្លាំងគុនខ្មែរអ្នកលេងកែងឥតស្រមោលអេលីត ភក្តី ជួបប្រកួតជាមួយកីឡាករថៃ ឃុមភេត សរាំងឆៃ នៅលើសង្វៀនMas Fight នាថ្ងៃអាទិត្យទី៣ ខែកញ្ញា ចុងសប្តាហ៍នេះ ។

កីឡាករអេលីត ភក្តី ដែលជាកីឡាករពូកែលេងកែងមួយរូបមកពីក្លឹបនាយកដ្ឋានអង្គរក្សជាកូនសិស្សរបស់លោកគ្រូស៊ន អេលីត បានបោះពាក្យសំដីថា រូបគេចង់ជួបកីឡាករថៃរូបនេះជាយូរមកហើយដោយសារតែកីឡាកររូបនេះ ពូកែចូលបុក អ៊ីចឹងរូបគេចូលចិត្តណាស់ បើវាយរត់ៗគឺរូបគេមិនចូលចិត្តឡើយ។

ដោយឡែកកីឡាករថៃ ដែលជាដៃគូរបស់អេលីត ភក្តីវិញ ក៏ជាកីឡាករមួយរូបដែលមានបទពិសោធន៍លើសង្វៀនប្រដាល់មិនធម្មតានោះទេ នៅស្រុកថៃឱ្យតែគីឡូដូចគ្នាគេវារាបអស់ហើយ។ហើយនៅសប្តាហ៍នេះ ពួកគេទាំងពីរនាក់នឹងជួបគ្នាក្នុងប្រភេទទម្ងន់ ៦៥ គីឡូក្រាម ក្នុងការប្រកួតមិត្តភាពអន្តរជាតិលក្ខណៈ Mas Fight ។

កម្មវិធីម៉ាសហ្វៃផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង ៣ រសៀលតទៅ នៅស្ថានីយទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ថោន, ផេកCambodia Beer និង Town Sports ផងដែរ៕
ដោយ៖ វិកគី

