ភ្នំពេញ ៖ កីឡាករសាលីអូមឺត គឺជាកីឡាករជម្រើសជាតិម៉ូតូទឹកមួយរូបដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង និងមានការទទួលស្គាល់ពីសំណាក់មហាជនខ្មែរកន្លងមក បានរៀបរាប់ពីជីវិតជូរចត់ក្នុងការដើរតាមក្តីស្រមៃដើម្បីលើកមុខមាត់ជូនជាតិកម្ពុជា។


កីឡាករជម្រើសជាតិម៉ូតូទឹករូបនេះកើតនៅក្នុងថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ១៩៩២ មានបងប្អូនចំនួន៦នាក់ រូបគេគឺជាកូនប្រុសច្បងនៅក្នុងគ្រួសារ។ កីឡាកររូបនេះបានឲ្យដឹងថា រូបគេចាប់ផ្ដើមអាជីពជាអ្នកកីឡាម៉ូតូទឹកនៅប្រទេសថៃក្នុងឆ្នាំ ២០១៥- ២០១៦ កាលនោះរូបគេទើបតែមានអាយុ ១៤ ឆ្នាំប៉ុណ្ណោះ ។


កីឡាករឆ្នាំរូបនេះបានរៀបរាប់ប្រាប់អ្នកយកព័ត៌មានរបស់ថោនថារឿងរ៉ាវជូរចត់សម្រាប់គេ ក្នុងពេលដែលប្រកបអាជីពនេះគឺគេធ្លាប់ទទួលរងរបួសប្រេះឆ្អឹងស្មា រហូតដល់ត្រូវវះកាត់សម្រាកអស់រយៈពេល ៤ ខែ ទម្រាំតែរូបគេអាចវិលមកវិញបាននៅក្នុងការហ្វឹកហាត់ពង្រឹងសមត្ថភាពដើម្បីត្រៀមប្រកួតការប្រកួតសំខាន់ៗជូនជាតិកម្ពុជាជាថ្មី។


អូនមឺតក៏បានបន្ថែមទៀតថា ក្តីស្រមៃដ៏ធំរបស់គេគឺចង់បង្កើតក្លឹបមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្ដល់ឱកាសឲ្យយុវជនដែលស្រឡាញ់វិស័យម៉ូតូទឹកអាចហាត់រៀនពង្រឹងសមត្ថភាពដូចរូបគេដែរនិងអាចយកមេដៃជូនជាតិកម្ពុជាបាន។


សូមជម្រាបផងដែរថា សមិទ្ធផលធំៗដែលរូបគេទទួលបាននៅពេលដែលគេប្រកបអាជីពជាអ្នកកីឡាម៉ូតូទឹកនេះគឺគេទទួលបានពានរង្វាន់ស្ដេចថៃ , ទទួលបានពានរង្វាន់ពិភពលោកនៅសហរដ្ឋអាមេរិកបីឆ្នាំជាប់គ្នា , ក៏បានមេដៃអាស៊ានហ្គេមនៅក្នុងឆ្នាំ ២០១៨ រហូតទទួលបានឈ្មោះជាវីរៈកីឡាករឆ្នើមនៅក្នុងគ្រានោះផងដែរ។ ហើយពេលរង្វាន់ដែលរូបគេជោគជ័យក្រោយគេបង្អស់គឺមានរង្វាន់ស៊ីហ្គេមនៅក្នុងឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះការនោះរូបគេទទួលបានមេដៃមាសមួយ មេដាយសំរិទ្ធមួយ ៕

ដោយ៖ វិកគី

