ភ្នំពេញ ៖ ស្ងាត់ៗវត្តមានកីឡាករគុនខ្មែរដែលមានរហស្សនាម រាហ៊ូមាស ឈុត សេរីវ៉ាន់ថង វិលត្រឡប់ចូលសង្វៀនប្រដាល់គុនខ្មែរវិញហើយ បន្ទាប់ពីអាក់ខានមួយរយៈធំ។ ហើយការវិលត្រឡប់របស់គេមកកាន់សង្វៀនលើកនេះគឺរូបគេណាត់ជួបជាមួយកីឡាករជើងខ្លាំងមកពីប្រទេសរ៉ូម៉ានី នៅលើសង្វៀន Kun Khmer Champion នាចុងសប្តាហ៍នេះ។ចាំមើលទាំងអស់គ្នាថាតើ កីឡាករគុនខ្មែរ ឈុត សេរីវ៉ាន់ថង អាចយកឈ្នះជាមួយជើងខ្លាំងលំដាប់ប្រទេសរបស់រ៉ូម៉ានីបានដែរឬយ៉ាងណា?។

ការខកខានឡើងសង្វៀនគុនខ្មែរមួយរយៈធំនោះ ឈុត សេរីវ៉ាន់ថង បានសម្ងំហ្វឹកហាត់លត់ដំខ្លួនប្រាណ ដើម្បីបង្កើនសមត្ថភាពឱ្យកាន់តែខ្លាំងក្លាជាងមុន ដើម្បីត្រៀមឡើងលើសមរភូមិគុនខ្មែរ និងយកជ័យជម្នះលើគូប្រកួតរបស់ខ្លួនឱ្យបាន។ហើយថា រូបគេនឹងវាយបំបាក់ដៃគូប្រកួតមិនឱ្យក្រោកតដៃរួចឡើយ។

ការឡើងលើសង្វៀនប្រកួតនាពេលនេះ គឺកីឡាករ ឈុត សេរីវ៉ាន់ថងនឹងត្រូវជួបជាមួយកីឡាករ ស៊ីលវីយូ វីតទី ដែលជាកីឡាករជើងខ្លាំងមកពីប្រទេសរ៉ូម៉ានី ប្រកួតក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម។

កុំភ្លេចជួបគ្នានៅសង្វៀន Kun Khmer Grand Champion នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១១ព្រឹកតទៅ នៅស្ថានីយទូរទស្សន៍ថោន ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់កីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។បងប្អូនដែលជាអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរអាចចូលទស្សនាដោយសេរីបាន។ជាមួយគ្នានេះ ក៏មានការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ថោន, ផេក TOWN FULL HDTV និង TOWN SPORTS ផងដែរ ៕
ដោយ៖ វិកគី

