អស់មន្ទិលសង្ស័យជាមួយ ព្រំ សំណាង! តែអ្វីដែលសំខាន់ នៅពេលស្តាប់គាត់និយាយ អាណិតគាត់ខ្លោចចិត្ត

ភ្នំពេញ៖ មួយរយៈកន្លងមកនេះ រឿងរ៉ាវរបស់កីឡាករព្រំ សំណាងត្រូវបានគេបង្ហោះស៊ែរចែកចាយតៗគ្នាពេញបណ្តាញសង្គម ទាក់ទងទៅនឹងការប្រកួតរបស់គេហាក់បីដូចជាមិនដូចមុន នេះបើតាមមតិអ្នកគាំទ្រ និងអ្នកតាមដានវិស័យកីឡាប្រដាល់គុនខ្មែរមួយចំនួន។ដើម្បីឱ្យអស់ការមន្ទិលសង្ស័យនោះ កាលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកហាក់ សុខហេងដែលជានាយកគ្រប់គ្រងការផ្សាយប្រចាំស្ថានីយ៍ទូរទស្សថោនបានធ្វើកិច្ចសម្ភាសន៍ដោយផ្ទាល់ជាមួយកីឡាករគុនខ្មែរ ព្រំ សំណាង។

ដោយនៅក្នុងកិច្ចសម្ភាស៍នោះ អ្នកលេងកន្ត្រៃមាស ជង្គង់ហោះ ព្រំ សំណាង បានឱ្យដឹងថា «ប្រសិនបើការប្រកួតចង់ឱ្យល្អមើលលុះត្រាដូចជាកីឡាករក្មេងៗដែលវៃឈ្នះឬចាញ់ជារឿងធម្មតា ប៉ុន្តែសម្រាប់លំដាប់សេរីចាស់ដូចជារូបគេ ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងប្រទេស និងក្រៅប្រទេសនោះ រាល់ការប្រកួតនីមួយៗគឺត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់បំផុត លើក្បាច់នីមួយៗមុននឹងសម្រេចចិត្តចេញ មិនងាយឱ្យភ្លាត់នោះទេ បើហ៊ានតែភ្លាត់ស្នៀតតែបន្តិចអាចគ្រោះថ្នាក់ ឬធ្វើឱ្យដៃគូប្រកួតមានប្រៀប។ ហើយម្យ៉ាងវិញទៀតគិតដល់អារម្មណ៍អ្នកគាំទ្រ គេគិតថាលំដាប់កីឡាករដូចជារូបគេ ប្រសិនបើភ្លាត់ចាញ់នោះ អ្នកគាំទ្រប្រាកដជាខកចិត្តខ្លាំង ទើបការប្រកួតហាក់បីដូចជាមិនសូវល្អមើលដូចការប្រកួតធម្មតារបស់កីឡាករក្មេងៗ ដូច្នេះរាល់ការប្រកួតរបស់ខ្លួនគឺមានការប្រុងប្រយ័ត្នខ្លាំងមែនទែន។

កីឡាករដ៏ឆ្នើមរូបនេះ បានបន្ថែមទៀតថា គោលដៅនៃការប្រកួតជាចម្បងរបស់គេគឺផ្តោតទៅលើការយកឈ្នះ និងការយកកិត្តិយសមុខមាត់ជូនជាតិ មិនមែនត្រឹមតែល្អមើលមូយមុខនោះទេ ហើយរាល់ការប្រកួតម្តងៗតែងតែយកបេះដូង និងទឹកចិត្តអ្នកគាំទ្រមកដាក់ក្នុងពេលប្រកួតជានិច្ច ទើបធ្វើឱ្យរាល់ការប្រកួតទទួលបានលទ្ធផលជោគជ័យជាបន្តបន្ទាប់នាពេលកន្លងមក។មានពេលខ្លះការប្រកួតប៉ះជាមួយកីឡាករលំដាប់គេស្ទើតែដួលសន្លប់លើសង្វៀនក៏មាន តែដោយហេតុថាដើម្បីជាតិ និងប្រជាជនខ្មែរតែងតែក្រោកពីដួលមកដោយកម្លាំងចិត្តជានិច្ច ទោះជាពេលខ្លះខ្លួនស្ទើរតែបោះបង់ការប្រកួតទៅហើយក៏ដោយ ក៏នៅតែប្រឹងក្រោក ប្រឹងទប់ជំហរដោយនឹកក្នុងចិត្តថា ខ្លួនត្រូវតែយកឈ្នះលើគូប្រកួតឱ្យបាន មិនឱ្យប្រទេសជាតិបាក់មុខបាក់មាត់ដោយសារខ្លួនឡើយ។ដោយសារតែកត្តាតាំងចិត្តដ៏រឹងមាំនេះហើយ ទើបធ្វើឱ្យរាល់ការប្រកួតនាពេលកន្លងមកមិនសូវជួបរឿងបរាជ័យឡើយ។

គួររំលឹកផងដែរថា កីឡាករព្រំ សំណាងគឺជាអ្នកប្រដាល់ក្បាច់គុនខ្មែរអាជីព រហស្សនាមថាអ្នកលេងកន្ត្រៃមាស ជង្គង់ទិព្វ ជាងកាត់សក់ដៃឯក ឬ ជង្គង់ពិឃាដ។  លោកកើតនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ១៩៨៦ នៅភូមិក្រាំងចេក ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ព្រំ សំណាង ត្រូវបានសហពន្ធ័កីឡាប្រដាល់កម្ពុជាយកចិត្តទុកដាក់ និងបណ្តុះបណ្តាលឱ្យក្លាយជាកីឡាករជម្រើសជាតិដ៏ឈ្នើមម្នាក់សម្រាប់វិញ្ញាសារ គុនខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងព្រឹត្តិការណ៍ជាតិ។ព្រំ សំណាង ក្លាយជាអ្នកប្រដាល់គុនខ្មែរទី២ បន្ទាប់ពី ធឿន ធារ៉ា ឈ្នះការប្រកួតធំៗនៅទីក្រុងបាងកក។ អ្នកប្រដាល់គុនខ្មែររូបនេះបានប្រើស្នៀតជង្គង់ពិឃាដ ដើម្បីវាយឲ្យដៃគូដួលសន្លប់តាមបច្ចេកទេស (TKO) ទល់នឹងម្ចាស់ជើងឯកអង់គ្លេស ៣ ស្ថាបន័ គឺ Thomas Carpenter ក្នុងការប្រកួតមិត្តភាពអន្តរជាតិកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ជ័យជម្នះនេះបានធ្វើឱ្យអ្នកគាំទ្រកីឡាប្រដាល់គុនខ្មែរមានការភ្ញាក់ផ្អើល ខណៈ ព្រំ សំណាង បានផ្ដួលកីឡាករដ៏ល្បីម្នាក់ក្នុងប្រភេទទម្ងន់៧៨គីឡូក្រាមក្នុងរយៈពេលមិនដល់ពីរនាទីផងនោះ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២