ភ្នំពេញ ៖ ក្រោយពីអវត្តមានលើសង្វៀនមួយរយៈធំ ឈុត សេរីវ៉ាន់ថង បានវិលចូលសង្វៀនគុនខ្មែរវិញ មិនធ្វើឲ្យបងប្អូនខកបំណងឡើយ ជាមួយនឹងការប្រើបច្ចេកទេស និងក្បាច់គុនពិសេសៗដើម្បីផ្តួលដៃគូប្រកួតរបស់ខ្លួន។ទោះជាយ៉ាងណា នៅក្នុងការប្រកួតកាលពីថ្ងៃអាទិត្យទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ ដោយសាតែកីឡាករ សីលវីយូ វីតេ មកពីប្រទេសរ៉ូម៉ានី ជាកីឡាករជើងខ្លាំងលំដាប់ប្រទេសរបស់គេនោះ បានធ្វើឱ្យកីឡាករគុនខ្មែររបស់យើង ឈុត សេរីវ៉ាន់ថង បានត្រឹមតែឈ្នះដោយពិន្ទុប៉ុណ្ណោះ។


កន្លងមកអ្នកគាំទ្រគុនខ្មែរមួយចំនួនបានដឹងហើយថា កីឡាករឈុត សេរីវ៉ាន់ថង ជាកីឡាករមួយរូប ដែលប្រើប្រាស់ភាពវ័យឆ្លាតរបស់ខ្លួននៅក្នុងការប្រកួត ដោយរូបគេមិនសូវប្រើប្រាស់កម្លាំងបាយច្រើនឡើយ។ រៀងរាល់ការប្រកួត គេតែងតែប្រើបច្ចេកទេសចិត្តសាស្ត្រនៅក្នុងការប្រកួត ប៉ុន្តែមកលើកនេះ គេបាននាំយកក្បាច់ពិសេសៗជាច្រើនមកធ្វើការប្រកួត ធ្វើឱ្យកីឡាករមកពីប្រទេសរ៉ូម៉ានីស្ទើរតែទប់ទល់មិនជាប់។


ទោះជាយ៉ាងណាក៏ដោយ ក៏ការប្រកួតបានបញ្ចប់ទៅបីទឹកពេញ ដោយកីឡាករទាំងពីរខិតខំប្រើប្រាស់បច្ចេកទេសក្បាច់គុននៅក្នុងការវាយចូលគូប្រកួតរៀងៗខ្លួន តែជាលទ្ធផលចៅក្រមបានសម្រេចឱ្យកីឡាករឈុត សេរីវ៉ាន់ថង បានយកឈ្នះទៅលើកីឡាករមកពីប្រទេសរ៉ូម៉ានីដោយពិន្ទុ ។


នៅក្នុងការប្រកួតកាលពីម្សិលមិញនេះ មហាជនបានលាន់មាត់សរសើរ វ៉ាន់ថងថា ធ្វើបានល្អជាងមុន ហើយជាពិសេសក្បាច់ និងការវាយចេញ ក៏ដូចជាការទាត់មួយៗរបស់វ៉ាន់ថងឃើញថា មានទម្ងន់ធ្ងន់ និងត្រង់ល្អ។


សូមជម្រាបផងដែរថា បន្ទាប់ពីការប្រកួតចប់ ឈិត សេរីវ៉ាន់ថងទទួលបានការឧបត្ថម្ភជាច្រើនពីសំណាក់គណៈអធិបតី ដែលចូលរួមទស្សនា ព្រមទាំងមហាជនអ្នកស្រឡាញ់គុនខ្មែរផងដែរ៕

ដោយ៖ វិកគី

