ភ្នំពេញ៖ ក្រុមគោព្រៃកម្ពុជាស្អំបេះដូងអ្នកគាំទ្របានវិញហើយ ក្រោយការប្រកួតដ៏ជក់ចិត្តជាមូយក្រុមភ្ញៀវម៉ាកាវ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីយប់មិញនេះ ដោយម្ចាស់ផ្ទះកម្ពុជា បានយកឈ្នះម៉ាកាវក្នុងលទ្ធផល ៤-០ ។

ក្នុងតង់ទីមួយម្ចាស់ផ្ទះរកបានបីគ្រាប់ ដោយពីរគ្រាប់ទទួលបានពីខ្សែប្រយុទ្ធ សៀង ចន្ធា និងមួយគ្រាប់ពីខ្សែបម្រើ សឿយ វិសាល។
ខ្សែប្រយុទ្ធកម្ពុជា រ៉ឺង ប៊ុនហៀង បានរកគ្រាប់បាល់បញ្ចូលទីបាននៅនាទីទី ៨០។ការប្រកួតបានប្រព្រឹត្តិទៅនៅពហុកីឡាដ្ឋានអូឡាំពិក ដោយបានទាក់ទាញអ្នកចូលទស្សនាប្រមាណជាង ៣៥ ០០០ នាក់។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវបានបង្វឹកដោយលោក Felix Dalmas សញ្ជាតិអាហ្សង់ទីន ខណៈដែលក្រុមជម្រើសជាតិម៉ាកាវត្រូវបានបង្វឹកដោយគ្រូជនជាតិព័រទុយហ្គាល់លោក Lazaro Oliveira ។

ការប្រកួតនេះក៏ជាការប្រកួតកម្ដៅសាច់ដុំសម្រាប់កម្ពុជាដែលត្រូវប៉ះក្រុមប៉ាគីស្ថានក្នុងការប្រកួតជម្រុះ FIFA World Cup 2026 Asian Qualifiers ជុំទី១នៅខែតុលា។

ក្នុងចំណាត់ថ្នាក់របស់ FIFA កម្ពុជាបច្ចុប្បន្នឈរនៅលំដាប់លេខរៀងទី១៧៦ ខណៈម៉ាកាវស្ថិតនៅលេខរៀងទី១៨២។

គួររំលឹកផងដែរថា នេះជាការប្រកួតមិត្តភាពអន្តរជាតិលើកទីពីររបស់កម្ពុជាក្នុងខែនេះ បន្ទាប់ពីប្រកួតស្មើ ១-១ ជាមួយហុងកុង កាលពីថ្ងៃទី៧ ខែកញ្ញា៕

ដោយ៖ វិកគី

