ខាន់ ចេសា នឹងបង្ហាញខ្លួនលើកដំបូងនៅលើសង្វៀន ONE Championship ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ នៅសិង្ហបុរី

ភ្នំពេញ ៖ កីឡាការិនីដ៏ឆ្នើម ខាន់ ចេសា នឹងឡើងបង្ហាញខ្លួនលើកដំបូងនៅលើសង្វៀន ONE Championship ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់Cambodia 2023 ដែលបានបង្ហោះ នៅរសៀលថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ។

វីរៈកីឡាការិនីជឺជីតស៊ូឆ្នើមកម្ពុជា ខាន់ ចេសា នឹងបង្ហាញខ្លួនលើកដំបូងលើសង្វៀន ONE Championship ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ជាមួយកីឡាការិនីអាមេរិក Danielle Kelly ក្នុងកម្មវិធី ONE Fight Night 14 នៅសិង្ហបុរី នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ មុនបន្ដដំណើរមកកម្ពុជា ដើម្បីចេញទៅប្រកួតកីឡាអាស៊ី Asian Games លើកទី១៩ នៅ​ទីក្រុង​ Hangzhou ប្រទេសចិន នាដើមខែក្រោយ ។

សូមជម្រាបផងដែរថា ខាន់ ចេសា កើតនៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០០១ ជាកីឡាការិនីជឺជិតស៊ូ ជនជាតិខ្មែរ – ម៉ិកស៊ិក – អាមេរិកាំង។ នាង​បាន​ប្រកួតតំណាង​ឱ្យកម្ពុជា​ក្នុង​ការ​ប្រកួត​កីឡា​អាស៊ី​ឆ្នាំ​២០១៨ និង​ដណ្តើម​បាន​មេដាយ​មាស​ក្នុង​វិញ្ញាសា​នេ​វ៉ា​ហ្សា​ទម្ងន់​៤៩​គីឡូ​ផ្នែក​នារី ​។ នេះ​ក៏​ជា​មេដាយមាស​ដំបូង​គេ​ដែលកម្ពុជាទទួល​បាន​ផងដែរ ​ដែល​បានឈ្នះ​ក្នុង​ប្រភេទ​កីឡាជឺជិតស៊ូ ក្នុង​ព្រឹត្តិការណ៍ Asian Games 2018 ។ ចេសា ក៏ជាអ្នកឈ្នះមេដាយមាសទីពីរក្នុងប្រវត្តិសាស្ត្រកីឡា Asian Games របស់កម្ពុជា បន្ទាប់ពីព្រឹត្តិការណ៍ Taekwondo Gold 2014 កន្លងមក នាងបានឈ្នះក្នុងការប្រកួតលំដាប់អន្តរជាតិជាច្រើន ដែលនាំមុខមាត់ជូនកម្ពុជាជានិច្ច ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២