បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសបញ្ជីឈ្មោះ បឋមរួចហើយ គោព្រៃកម្ពុជានឹងត្រូវធ្វើការធ្ងន់ ជាពិសេសពង្រឹងការហ្វឹកហាត់កាន់តែខ្លាំងដើម្បីបើកទ្វារផ្ទះទទួលភ្ញៀវ ប៉ាគីស្ថានសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2026 Preliminary Joint Qualificationវគ្គជម្រុះជុំទី១។

ការប្រកួតនេះគឺជាប្រកួតដ៏សំខាន់មួយទៀតរបស់កម្ពុជាសម្រាប់ជួយលើកមុខមាត់បាល់ទាត់កម្ពុជានៅលើឆាកអន្តរជាតិ ដោយនៅសល់ពេលវេលា៩ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ការត្រៀមទទួលស្វាគមន៍ក្រុមភ្ញៀវ ប៉ាគីស្ថាន នេះជាជំនួបជើងទី១នៃព្រឹត្តិការណ៍ខាងលើនេះក្នុងខណៈជើងទី២កម្ពុជានឹងលេងក្រៅទឹកដីជាមួយក្រុមដដែលនេះនាថ្ងៃទី ១៧ ខែតុលានេះ។

សម្រាប់ការប្រកួតជើងទី១ថ្ងៃទី១២ ខែតុលាខាងមុខនេះ កម្ពុជាបានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់តាំងពីថ្ងៃទី២ ខែតុលាមកម្ល៉េះ។

សូមរំលឹកផងដែរថា មុនឈានដល់ការប្រកួតក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 Preliminary Joint Qualification កន្លងមកក្រុមគោព្រៃកម្ពុជា ក៏ធ្លាប់បានប្រកួតកំដៅសាច់ដុំចំនួន២ប្រកួតរួចមកហើយគឺប្រកួតស្មើជាមួយក្រុមហុងកុង១ទល់១ និងមួយប្រកួតទៀតកម្ពុជាប្រកួតឈ្នះម៉ាកាវ៤ទល់០។

ការកំដៅសាច់ដុំជាលក្ខណៈអន្តរជាតិទាំង២ប្រកួតនេះបានធ្វើឲ្យក្រុមគោព្រៃកម្ពុជាកាន់តែមានជំនឿចិត្តក្នុងព្រឹត្តិការណ៍FIFA World Cup 2026 Preliminary Joint Qualification។

ថ្នាក់ដឹកនាំ និងកីឡាករកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា មហាជនទាំងក្នុងប្រទេស និងក្រៅប្រទេសនឹងចូលរួមផ្សព្វផ្សាយ រង់ចាំគាំទ្រ ក៏ដូចជាលើកទឹកចិត្តកីឡាករកម្ពុជា ដើម្បីមានឱកាសបានឡើងទៅវគ្គបន្តទៀត បង្កើតប្រវត្តិសាស្ត្រថ្មីជូនបាល់ទាត់កម្ពុជា៕

ដោយ៖ វិកគី

