ភ្នំពេញ៖ គួច សុកុម្ភៈ ក្លាយជាកីឡាករជើងចាស់ ដែលជាប់ជម្រើសជាតិច្រើនជាងគេរហូតដល់បច្ចុប្បន្ននេះ មហាជនបានឲ្យរហ័សនាមថាផ្ការីកគ្រប់រដូវ គោព្រៃកម្ពុជា គិតត្រឹមពេលនេះ គួច សុកុម្ភៈ ជាប់ជម្រើសជាតិកម្ពុជា សរុបចំនួន ៦៣៩៣ថ្ងៃហើយ ។


ក្រោយពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញបញ្ជីឈ្មោះ គួច សុកុម្ភៈ បានជាប់ក្នុងបញ្ជីរាយនាមបឋមកីឡាករជម្រើសជាតិកម្ពុជា ចូលរួមប្រមូលផ្តុំហ្វឹកហាត់ត្រៀមការប្រកួតពានរង្វាន់ FIFA World Cup 2026 Preliminary Joint Qualification វគ្គជម្រុះជុំទី១ នៅថ្ងៃទី១២ និងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ។


កីឡាករវ័យ ៣៦ឆ្នាំរូបនេះជាប់ជម្រើសជាតិកម្ពុជា ឈុតធំ និងបង្ហាញខ្លួនលើកដំបូង កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៦ ពេលនោះប៉ះ បង់ក្លាដេស ក្នុងពានរង្វាន់ 𝗔𝗙𝗖 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 𝗖𝘂𝗽 ។


កីឡាករគួចសុម្ភៈកើតថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ១៩៨៧ នៅខេត្តកំពង់ធំ គួច សុកុម្ភៈ ជាកីឡាករក្នុងក្លឹបបាល់ទាត់ណាហ្គាវើល ដែលប្រកបអាជីពក្នុងលិគកំពូលនៃប្រទេសកម្ពុជា។ កុម្ភៈជាប់ជាកីឡាករជម្រើសជាតិយុវជនលេងឲ្យក្រសួងការពារជាតិក្នុងឆ្នាំ ២០០៣, ២០០៤ ជាទីដែលគាត់ចាប់ផ្ដើមអាជីពបាល់ទាត់។


សូមជម្រាបផងដែរថា គួច សុកុម្ភៈ បានផ្លាស់ប្ដូរទៅលេងឲ្យក្លឹបខេមរា ក្នុងក្របខណ្ឌលិគកំពូលក្នុងឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១០ នៅក្នុងក្លឹបខេមរា គួច សុកុម្ភៈបានឈ្នះពានហ៊ុនសែនខាប់ក្នុងឆ្នាំ ២០០៧ ចង់ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ក្នុងពាន ២០១៦ AFc president’s cup ។ ក្នុងឆ្នាំ ២០១០ កីឡាកររូបនេះបានផ្លាស់ប្ដូរទៅលេងឲ្យក្លឹបភ្នំពេញក្រោន។ ដែលពីមុនជាក្លឹបភ្នំពេញ ធឹមផាយអ៊ឺរហូតដល់ឆ្នាំ២០១៥ ។ អំឡុងពេលរួមរស់ជាមួយភ្នំពេញក្រោន គួច សុគុម្ភៈបានជួយឲ្យភ្នំពេញក្រោនលើកពានលីគកំពូលក្នុងឆ្នាំ ២០១១ និង ២០១៤។ ហើយគាត់ក៏បានជួយឲ្យក្លឹបរងជើងឯកក្នុងពាន ២០១១ AFC president’s cup ក្នុងឆ្នាំ ២០១៥ ដោយមានបញ្ហានៅក្នុងក្លឹបភ្នំពេញក្រោនកីឡាករជាច្រើនបានចាកចេញពីក្លឹបមួយនេះក្នុងនោះ ក៏មានកីឡាករគួច សុកុម្ភៈ ដែលបានផ្ទេរទៅក្លឹបណាហ្គារហូតដល់សព្វថ្ងៃ។ គួច សុកុម្ភៈធ្លាប់ជាម្ចាស់ស្បែកជើងមាសGolden Boots ក្នុងពានហ៊ុនសែនខាប់ឆ្នាំ ២០០៧ ២០០៩ និង ២០១០ ៕

ដោយ៖ វិកគី

