ប៉ះរបស់ពិតហើយ!  ល្ងាចនេះក្រុមហ្វូតសាលកម្ពុជានឹងប៉ះក្រុមខ្លាំងអ៊ីរ៉ាក់ ក្នុងពាន AFC Futsal Cup 2024

ភ្នំពេញ៖ កាន់តែធ្វើការធ្ងន់ ក្រុមបាល់ទាត់ហ្វូតសាលកម្ពុជាត្រូវប៉ះអ៊ីរ៉ាក់ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ AFC Futsal Asian Cup 2024 នាវេលាម៉ោង៥ល្ងាច ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ។

នេះជាការប្រកួតលើកទី២ក្នុងពូល G របស់ក្រុមកម្ពុជា ក្រោយការប្រកួតជើងទី១ចាញ់អ៊ូបេគីស្ថាន ដោយលទ្ធផល ៦-១។ ស្របពេល អ៊ីរ៉ាក់ បានយកឈ្នះលើក្រុមអាស៊ាន ម៉ាឡេស៊ី ដោយលទ្ធផល ២-១។ ការប្រកួតនេះគឺអ៊ូបេគីស្ថាន ប៉ះម៉ាឡេស៊ី។

សូមជម្រាបផងដែរថា ក្នុងព្រឹត្តិការណ៍ហ្វូតសាលអាស៊ីនេះ កាលពីឆ្នាំ២០០៤ ក្រុមកម្ពុជាបានបង្ហាញខ្លួននៅវគ្គសន្សំពិន្ទុក្នុងពូលជាលើកដំបូង ដោយឆ្លងកាត់ការប្រកួត៤លើក ឈ្នះ១ និងចាញ់៣។

ដោយឡែកក្រុមខ្លាំងអ៊ីរ៉ាក់វិញនឹងកាន់តែធ្វើឲ្យកម្ពុជាធ្វើការងារធ្ងន់ ដោយសារពួកគេមានបទពិសោធន៍ជាច្រើនក្នុងការប្រកួត AFC Futsal Asian Cup។ កំណត់ត្រាល្អបំផុតកាលពីឆ្នាំ២០១៨ អ៊ីរ៉ាក់ ទទួលចំណាត់ថ្នាក់លេខ៤ ក្រោយចាញ់អ៊ូបេគីស្ថានក្នុងបាល់ពិន័យ១១ម៉ែត្រ ដោយលទ្ធផល១-២ ក្រោយស្មើគ្នា ៤-៤។

កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នាថាតើកម្ពុជាអាចបំបាក់ក្រុមខ្លាំងមួយនេះបាន ឬយ៉ាងណាដើម្បីបន្តក្តីសង្ឃឹមក្នុងពានរង្វាន់ដ៏ធំប្រចាំឆ្នាំមួយនេះ៕

ដោយ៖​ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២