ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោក Tommy Kim ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់ស្ថានីយទូរទស្សន៍ថោន ជាស្ថាបនិកកម្មវិធីម៉ាហ្វៃខេមបូឌា សង្វៀន Wurkz ៨ទិស និងមានសង្វៀនល្បីៗជាច្រើនទៀតដែលទទួលបានភាពជោគជ័យ កាលពីពេលកន្លងមកនោះបានឱ្យដឹងថា នៅពេលឆាប់ៗខាងមុខនេះ ស្ថានីយទូរទស្សន៍ថោននឹងរៀបចំឱ្យមានកម្មវិធីថ្មីមួយទៀតគឺគុនខ្មែរ ឃីកប៊ុកស៊ីង MMA ដែលមាននៅសង្វៀនថោនតែមួយគត់។


ការប្រកួតប្រដាល់គុនខ្មែរនាពេលបច្ចុប្បន្ននេះ កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជននៅក្នុងប្រទេស និងក្រៅប្រទេស។ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ និងជួយលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរឱ្យកាន់តែមានការរីកចំរើន និងល្បីរន្ទឺនៅលើសកលលោកនោះ អ្នករៀបចំសង្វៀនគុនខ្មែរប្រចាំស្ថានីយទូរទស្សន៍ថោនតែងតែរិះរក ឬបង្កើតអ្វីដែលថ្មី ប្លែក ដើម្បីទាក់ទាញចំណាប់អារម្មណ៍ទាំងអ្នកគាំទ្រនៅក្នុងប្រទេស ក៏ដូចជាក្រៅប្រទេសឲ្យទស្សនាកម្សាន្តជារៀងរាល់ថ្ងៃចុងសប្តាហ៍។


ហើយព្រឹត្តិការណ៍ប្រកួតអស្ចារ្យថ្មីមួយទៀត ដែលស្ថានីយទូរទស្សន៍ថោននឹងរៀបចំបង្កើតឡើងនោះគឺការប្រកួតឃីកបុកស៊ីង ដែលជាវិញ្ញាសាមួយពិសេស ប្រកួតក្បាច់គុណចម្រុះ ឬហៅកាត់ថា MMA ជាការប្រកួតប្លែកភ្នែក ចម្លែកអារម្មណ៍មានគ្រប់ក្បាច់ ។ការប្រកួតបែបនេះ កំពុងមានការពេញនិយមខ្លាំងមែនទែននៅតាមបណ្ដាប្រទេសជុំវិញពិភពលោក នឹងមាននៅសង្វៀនថោនតែមួយគត់ នាពេលឆាប់ៗខាងមុខនេះ ដែលចម្រាញ់យកសុទ្ធតែកំពូលកីឡាករលំដាប់ៗទាំងជាតិ និងអន្តរជាតិឡើងប្រកួតនៅលើសង្វៀនថ្មីមួយនេះ ។សង្ឃឹមថាបងប្អូនអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរប្រាកដជាមិនខកបំណងឡើយ ជួបគ្នាជាមួយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នាពេលឆាប់ៗខាងមុខ៕

ដោយ៖ វិកគី

