ភ្នំពេញ ៖ វត្តមានកីឡាករជើងខ្លាំងគុនខ្មែរ ២រូប នឹងលេចវត្តមាននៅក្នុងព្រឹត្តិការណ៍គុនខ្មែរថ្មីមួយរបស់ស្ថានីយទូរទស្សន៍ថោន ដែលបងប្អូនស្គាល់ថា The Rise of Avatar Kun Khmer ។


កីឡាករដំរីភ្លុកពិឃាដ ផល សោភ័ណ្ឌ ត្រូវបានប្រកាសជាផ្លូវការក្លាយជាកីឡាករ ដែលត្រូវប្រកួតលើសង្វៀន The Rise of Avatar Kun Khmerនេះ ។ផល សោភ័ណ្ឌ ជាអ្នកប្រដាល់ ដែលមានបទពិសោធជោគជាំ ទាំងលើការប្រកួតប្រដាល់សកល និងគុនខ្មែរ ផល សោភ័ណ្ឌ បានក្លាយជាបេក្ខភាពដ៏លេចធ្លោរបស់កម្ពុជាដំបូងគេ ដែលដណ្តើមបានខ្សែក្រវាត់កម្រិតពិភពលោក IPCC Kun Khmer ប្រភេទទម្ងន់ ៦៣,៥ គីឡូក្រាម ដែលរៀបចំដោយសង្វៀនថោន ហើយជាមួយជ័យជម្នះនេះ បានជំរុញឱ្យ សោភ័ណ្ឌ ហ៊ានដាក់គោលដៅកាន់តែធំ គឺការឈានទៅរកការបង្កើតបាននូវស្នាដៃកាន់តែធំ សម្រាប់គុនខ្មែរ នៅក្រៅប្រទេស។

វាមិនមែនជាលើកដំបូងនោះទេ ដែល ផល សោភ័ណ្ឌ ដណ្តើមបានខ្សែក្រវាត់ សម្រាប់ការប្រឡូក នៅក្នុងវិស័យកីឡាប្រដាល់នេះ ព្រោះការព្យាយាមជម្នះឧបសគ្គ និងការលំបាក រាប់មិនអស់ ដោយប្រើញើសឈាមស្រស់ នៅលើសង្វៀនអស់រយៈពេលជាង ១៣ ឆ្នាំមកនេះ សោភ័ណ្ឌ ដណ្តើមបានខ្សែក្រវាត់ចំនួន៤ ហើយរូបគេ ក៏បានឈ្នះមេដាយមាស ពីការប្រកួតជើងឯកថ្នាក់ជាតិ សឹងរាប់ភ្លេចផងដែរ។

ក្រឡេកមកមើលកីឡាករសុខធីវិញម្តង ក៏មិនធម្មតាដែរ ជាអ្នកប្រយុទ្ធគុនខ្មែរមកពីខេត្តបន្ទាយមានជ័យ ឈ្មោះថា សុខ ធី ដែលស្គាល់ថា កា កា ធី គឺជាកីឡាករដែលប្រកួតកម្រិតអន្តរជាតិលើប្រភេទទម្ងន់ ៦០ គីឡូក្រាម។ ហើយជាកីឡាករមួយរូបធ្លាប់បានផ្ដួលគូប្រកួតដែលជាកីឡាករអន្តរជាតិច្រើនរាប់មិនអស់មកហើយ ជាកីឡាករវ័យក្មេងមួយរូបដែលចិត្តក្តៅវាយសម្រុកទៅលើដៃគូប្រកួតមិនរាថយ និងញញើតឡើយ។ ជារឿយៗគេបានប្រើកណ្ដាប់ដៃរបស់គេវាយសន្ធាប់ទៅលើគូប្រកួតមិនឲ្យក្រោកតដៃរួចឡើយ។

ប្រវត្តិរបស់កីឡាករជើងខ្លាំងរូបនេះធ្លាប់ប្រកបអាជីពប្រដាល់នៅលើសង្វៀនក្នុងទឹកដីថៃអស់រយៈពេលជិត ១០ ឆ្នាំមកហើយដែរ។ បន្ទាប់មកសុខធី ក៏វិលមកកម្ពុជាដែលជាទឹកដីកំណើតរបស់ខ្លួនវិញ ហើយកីឡាករដែលមានរហស្សនាមមនុស្សឈើនេះតែងតែឆក់យកបេះដូងអ្នកគាំទ្រគ្រប់ការប្រកួតរបស់គេ។
ហើយព្រឹត្តិការណ៍ប្រកួត The Rise of Avatar Kun Khmer នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១១ព្រឹកតទៅ នៅស្ថានីយទូរទស្សន៍ថោន។ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV និងនៅលើហ្វេសប៊ុកផេក Town Full HDTV, Town Sports និង Champion Energy Drink Cambodiaផងដែរ៕

ដោយ៖ វិកគី

