ក្រុមហ៊ុនធំៗរបស់សហភាពអឺរ៉ុបមួយចំនួន បង្ហាញចំណាប់អារម្មណ៍ចង់មកបណ្ដាក់ទុនរកស៊ី និងពង្រីកផលិតកម្មរបស់ខ្លួននៅកម្ពុជា

ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ដែលមានចំនួនប្រមាណ ៤០រូប នៅសណ្ឋាគារ Courtyard by Marriot កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា អំពីកិច្ចការដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាន និងកំពុងអនុវត្ត និងការផ្តល់ការគាំទ្រនានាដល់វិនិយោគិន។

ក្នុងជំនួបនេះ មានក្រុមហ៊ុនធំៗរបស់សហភាពអឺរ៉ុបមួយចំនួន ដែលបានបង្ហាញពីចំណាប់អារម្មណ៍មកសិក្សាស្វែងយល់ពីលទ្ធភាពបណ្ដាក់ទុន និងពង្រីកផលិតកម្មរបស់ខ្លួននៅកម្ពុជា ក្នុងនោះមានដូចជា ក្រុមហ៊ុន Airbus, ក្រុមហ៊ុន DHL, ក្រុមហ៊ុន Roche និងក្រុមហ៊ុន Lidl & Kaufland ជាដើម។

គួរបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ជាស្ថាប័នតំណាងឱ្យសម្លេងរបស់ធុរជនអឺរ៉ុបនៅតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងសហភាពអឺរ៉ុប និងតំបន់អាស៊ាន។ សមាជិករបស់ក្រុមប្រឹក្សានេះ រួមមានក្រុមហ៊ុននាំមុខក្នុងវិស័យហិរញ្ញវត្ថុ, ភស្តុភារកម្ម, បច្ចេកវិទ្យា, កសិកម្ម, ប្រេង និងឧស្ម័ន, ថែទាំសុខភាព ព្រមទាំង ចំណីអាហារនិងភេសជ្ជៈ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២