រដ្ឋាភិបាលជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណជា ៩,៧ លានដុល្លារដើម្បីអនុវត្តគម្រោងសម្រាប់ការកសាងបណ្ដាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបនៅទូទាំងប្រទេស

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួង បានចុះហត្ថលេខារួមគ្នាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.៣៣៨ លានយ៉េន (ប្រមាណ ៩,៧ លានដុល្លារអាមេរិក) ដើម្បីអនុវត្តគម្រោងសម្រាប់ការកសាងបណ្ដាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបទូទាំងប្រទេស។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ថា  គោលបំណងនៃគម្រោងនេះ គឺដើម្បីពន្លឿនការអង្កេតវាស់វែងសុរិយោដី ព្រមទាំងពង្រឹង សេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី តាមរយៈការដំឡើងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប ដើម្បីរួមចំណែកដល់ការលើកកម្ពស់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។

ក្រសួងការបរទេសបានបន្តទៀតថា កាយវិការដ៏សប្បុរសនេះបានបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុនក្នុងការជួយដល់កិច្ច ខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ជំនួយនេះ រួមចំណែកពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ដែលកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូត៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២