ភ្នំពេញ៖ គ្រាន់តែឈានជើងចុះពីលើយន្តហោះជាន់ទឹកដីកម្ពុជាភ្លាមDave Leduc ស្រែកប្រកាសក្តែងៗរកព្រំ សំណាង ភ្លែតថា «Where is Prum Somnang? I can’t find him» រឺ «ព្រំ សំណាងនៅណា ខ្ញុំរកគាត់អត់ឃើញសោះ ហើយនៅថ្ងៃប្រកួតខាងមុខនេះ ខ្ញុំនឹងប្រដៅព្រំ សំណាងឱ្យស្គាល់កណ្តាប់ដៃរបស់ខ្ញុំម្តង»។


អ្នកប្រដាល់អន្តរជាតិដ៏ល្បីឈ្មោះរូបនេះបានស្រែកប្រកាសក្តែងៗបែបនេះ នៅមុខអ្នកគាំទ្រ ក៏ដូចជាបណ្តាអ្នកសារព័ត៌មានក្នុងស្រុកជាច្រើន បាននាំគ្នាទៅថតផ្តិតយករូបភាព នៅពេលរូបគេបានមកដល់ប្រទេសកម្ពុជាកាលពីយប់មិញ ស្របពេលមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីម្ចាស់ផ្ទះកម្ពុជា ដោយមានការអញ្ជើញទៅទទួលដោយផ្ទាល់ពីឯកឧត្តម វ៉ា សុធា ត្រូវជាស្វាមីរបស់លោកជំទាវ ឧកញ៉ា ជួប មាន អគ្គនាយិកាក្រុមហ៊ុនថោនគ្រុប និងថ្នាក់ដឹកនាំរបស់ស្ថានីយទូរទស្សន៍ថោនជាច្រើនរូបទៀត។


មួយរយៈកន្លងមកនេះ សង្គ្រាមពាក្យសម្ដីរវាងកីឡាករ ព្រំ សំណាង និង Dave Leduc បានទាញយកចំណាប់អារម្មណ៍អ្នកគាំទ្រជាច្រើន ដែលរង់ចាំទស្សនា ការប្រកួតលក្ខណៈអន្ដរជាតិមួយនេះ។នៅក្នុងព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យនេះ ក៏មានការប្រកួតគូពិសេសលក្ខណៈអន្តរជាតិជាច្រើនគូទៀតផងដែរ ដែលមានការចូលរួមពីកីឡាករល្បីៗលំដាប់ប្រទេសទាំងជាតិ និងអន្តរជាតិ មកជួបតតាំងសាកកណ្ដាប់ដៃគ្នានៅលើសង្វៀនដ៏ធំមហិមា នាចុងសប្តាហ៍នេះ។


ក្នុងនោះការប្រកួតគូមិត្តភាពអន្តរជាតិបីទឹក ក្នុងមួយទឹកមានរយៈពេលបីនាទីគឺជាការជួបគ្នារវាងកីឡាករគុនខ្មែរ ធឿន ធារ៉ា (THOEUN THEARA) និងកីឡាករជនជាតិប្រេស៊ីល ដានីញ៉ែល ទូរីស (DANIEL TORRES), កីឡាករគុនខ្មែរ រឿង សោភ័ណ្ឌ (ROEUNG SOPHORN) នឹងត្រូវប្រកួតតទល់ជាមួយកីឡាករជនជាតិអេស្ប៉ាញ មីខេល ជេសស៊ូ (MIKEL JESUA) ,កីឡាករគុនខ្មែរ ផល សោភ័ណ្ឌ (PHAL SOPHON) នឹងត្រូវប្រកួតតទល់ជាមួយកីឡាករជនជាតិចិន លី តាន់តៅ (LI TIANTAO),កីឡាករគុនខ្មែរ បឺត សង្ឃឹម (BIRD SANGKHUM) នឹងត្រូវប្រកួតតទល់ជាមួយកីឡាករជនជាតិគីជីស្ថាន ទី ម័រ (TIMUR), កីឡាករគុនខ្មែរ ឈុត សេរីវណ្ណថង (CHHUT SEREYVANTHONG)នឹងត្រូវប្រកួតតទល់ជាមួយកីឡាករជនជាតិរុស្ស៊ី ម៉ាហ្សូរី ហ្សារេហ្វ (MAZORIEV SHARIF)។


ព្រឹត្តិការណ៍ប្រកួតលើសង្វៀន WURKZ សេនាគុនខ្មែរពិភពលោកនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅផ្សារទំនើបជីបម៉ុង 271 មេហ្គាម៉ល ចាប់ពីម៉ោង 7ល្ងាចតទៅ។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV និងនៅលើហ្វេសប៊ុកផេក Town Full HDTV, Town SPORTS និង WURKZ ផងដែរ ៕

ដោយវិកគី

