រយៈពេល១១ខែ ឆ្នាំ២០២៣នេះ ទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុជាង ៧លានតោន និងចំណូលអាជីវកម្មបានជាង ៨៥លានដុល្លារ

ភ្នំពេញ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាន និងកំពុងដើរតួរនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ បរិមាណទំនិញឆ្លងកាត់កំពង់ផែនេះ មានការកើនទ្បើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើនទ្បើងជាលំដាប់ ។ ជាក់ស្តែង ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣ បរិមាណទំនិញឆ្លងកាត់មានចំនួនប្រមាណជាង ៧លានតោន កើនទ្បើង ១១,៣៤% និងចំណូលអាជីវកម្មសរុបមានចំនួនប្រមាណជាង ៨៥លានដុល្លាអាមេរិក កើនទ្បើង ២,៧១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ ។

បន្ថែមពីនេះ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនសរុបប្រមាណជាង ៧៥ម៉ឺន TEUs ដោយមានកំណើនមធ្យម ១០,៨៣% ក្នុងរយៈពេល ១២ឆ្នាំ ចុងក្រោយ   គិតចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២២ ។

ចំណូលនេះ បានចូលរួមចំណែកក្នុងការរក្សាកំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំក្នុងរង្វង់ ៧% ប្រកបដោយចីរភាពក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយមុនការផ្ទុះទ្បើងនៃជំងឺកូវីដ-១៩ និងវិបត្តិសាកល និងក្រោយមកក៏នៅបន្តមានកំណើនក្នុងអត្រា ៥,៦% ក្នុងឆ្នាំ ២០២៣ និង ៦,៦% ក្នុងឆ្នាំ ២០២៤ ដែលក្នុងនោះអនុវិស័យដឹកជញ្ជូន និងគមនាគមន៍ ត្រូវបានព្យាករណ៍ថានឹងបន្តសម្រេចបានកំណើនខ្ពស់ក្នុងរង្វង់ ៧,៩% ក្នុងឆ្នាំ ២០២៣ និង៨% ក្នុងឆ្នាំ ២០២៤ ដោយសារការបន្តនិន្នាការកើនទ្បើងនៃសកម្មភាពដឹកជញ្ជូន និងគមនាគមន៍៕

 

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២