សម្តេចធិបតី ហ៊ុន ម៉ាណែត៖ការធ្វើកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ កម្ពុជាទទួលបានសមិទ្ធផលធំៗចំនួន៥ ដែលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនដូចសព្វថ្ងៃ និងបន្តការអភិវឌ្ឍន៍រីកចម្រើនទៅមុខទៀត

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះគឺជារបៀបវារៈ អាទិភាពនៅក្នុង «យុទ្ធសាស្ត្រចតុកោណ» ទាំង ៤ ដំណាក់កាល របស់រាជរដ្ឋាភិបាលក្នុង៤នីតិកាល ជាបន្តបន្ទាប់កន្លងទៅ ដោយបានបង្កើតនូវសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា ទាំងសមិទ្ធផល ក្នុងការកែលម្អអភិបាលកិច្ចនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទាំងសមិទ្ធផលក្នុងទិដ្ឋភាព នៃការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ហើយការធ្វើកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:រយៈពេល២០ឆ្នាំកន្លងមកនេះ កម្ពុជាទទួលបានសមិទ្ធផលធំៗនិងសំខាន់ចំនួន៥ ដែលធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើនដូចសព្វថ្ងៃ និងបន្តការអភិវឌ្ឍន៍រីកចម្រើនទៅមុខទៀត។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញ​វត្ថុ​សា​ធា​រ​ណៈ​ដំណាក់កាលទី៤ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជារបៀបវារៈ អាទិភាពនៅក្នុង «យុទ្ធសាស្ត្រចតុកោណ» ទាំង ៤ ដំណាក់កាល របស់រាជរដ្ឋាភិបាល ក្នុង៤ នីតិកាល បន្តបន្ទាប់កន្លងទៅ បានបង្កើតសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា ទាំងសមិទ្ធផល ក្នុងការកែលម្អអភិបាលកិច្ចនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទាំងសមិទ្ធផលក្នុងទិដ្ឋភាព នៃការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។​ ហើយរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា នៅតែបន្តផ្តល់សារៈសំខាន់ខ្ពស់ លើកម្មវិធីកែទម្រង់នេះ ដោយកំណត់ «កម្មវិធីកទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ជារបៀបវារៈ គោលនយោបាយអាទិភាពរបស់ខ្លួន ក្នុង «មុំទី ២» នៃ «ស្នូលំ» និង ក្នុង «មុំទី៣» នៃ «បរិស្ថានគ្របដណ្តប់» របស់ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ។

សម្តេចធិបតិ ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តទៀតថា លើដំណើរផ្លូវ និងសមិទ្ធផល នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រយៈពេល២០ឆ្នាំ (២០០៤-២០២៤)នេះ យើងបានចាប់ផ្ដើមកែទម្រង់ក្នុងកាលៈទេសៈដ៏លំបាក ។ សម្តេចចងចាំមិនភ្លេចនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តដំណាក់កាលទី៤ នៃកម្មវិធីកែទម្រង់នេះ កាលពីដើមឆ្នាំមុនថា៖ «កន្លងមក, យើងមិនបានរង់ចាំទាល់តែទទួលបានសុខសន្តិភាពបរិបូរណ៍ ពេញផ្ទៃប្រទេស ទើបចាប់ផ្តើមកិច្ចការកែទម្រង់នោះទេ។ ផ្ទុយទៅវិញ ដោយតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ យើងបានចាប់ផ្តើមធ្វើការកែទម្រង់លើ គោលនយោបាយ របស់យើងជាបន្តបន្ទាប់ ដោយផ្តោតលើអាទិភាពបន្ទាន់ទាំងឡាយ ស្របតាមបរិការណ៍ និង កាលៈទេសៈ នៃសម័យកាលនីមួយៗ ចាប់តាំងពីក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍មកម្ល៉េះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:រយៈពេល២០ឆ្នាំកន្លងមកនេះ យើងទទួលបានសមិទ្ធផលធំៗចំនួន៥គឺសមិទ្ធផលគន្លឹះទី១៖ ការកសាងបាននូវភាពជឿទុកចិត្តបាននៃថវិកា។ សមិទ្ធផលទី២៖ ការកសាងបានជាមូលដ្ឋាននូវសមាសធាតុចាំបាច់ទាំងឡាយ នៃប្រព័ន្ធថវិការទំនើបឆ្លើយតបនឹងឧត្តមានុវត្តជាអន្តរជាតិ។ សមិទ្ធផលទី៣៖ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចរាល់សម្រាប់ចាប់យក «ប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម»។ ដែលជាគោលដៅចុងក្រោយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការសម្រេចឱ្យបាននៅក្នុងដំណាក់កាលទី៤ (២០២៣-២០២៧) នូវ «គណនេយ្យភាពសមិទ្ធកម្ម» ដែលមានន័យថា ជាការទទួលខុសត្រូវលើលទ្ធផលចុងក្រោយ។ សមិទ្ធផលគន្លឹះទី៤៖ ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងប្រកបដោយភាពធន់ និងចីរភាពក្នុងរយៈពេលវែង។ សមិទ្ធផលគន្លឹះទី៥៖ ការពង្រឹងឯករាជ្យជាតិ និងអធិបតេយ្យជាតិ។

ហើយកិច្ចការកែទម្រង់ដែលជោគជ័យ ត្រូវតែផ្អែកលើ កត្តាសំខាន់បួន គឺ៖ ទី១. ត្រូវមានចក្ខុវិស័យច្បាស់លាស់; ទី២. ត្រូវមានការប្តេជ្ញាចិត្តខ្ពស់; ទី៣. ត្រូវមានការចូលរួមដោយស្មោះត្រង់; និងទី៤. ត្រូវមានការលះបង់។ រាជរដ្ឋាភិបាលនីតិកាលទី៧ នឹងបន្តជ្រោងកាន់តែខ្ពស់នូវ «ស្មារតីនៃការកែទម្រង់» និងនៅតែប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥ប្រការ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្រាប់ការបំពេញការងារ ដែលជាស្មារតីបុរេសកម្ម, ភ្ញាក់រលឹក និងម៉ឹងម៉ាត់ក្នុងការកែទម្រង់មុតស្រួច, ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ពោលគឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាលនិងវះកាត់៕

          

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២