ជប៉ុននឹងផ្តល់ឥណទានសម្បទាននូវទឹកប្រាក់ប្រមាណជា​​ ១៥០​លានដុល្លារ​បន្ថែមទៀត សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍មួយចំនួននៅក្នុងប្រទេសកម្ពុជា

កិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនងរវាងកម្ពុជា-ជប៉ុនបានឈានដល់កម្រិតទំនាក់ទំនង“ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ”ដែលល្អប្រសើរបំផុតក្នុងប្រវត្តិនៃការទំនាក់ទំនងរវាងប្រទេសទាំងពីរ។ពីមួយឆ្នាំទៅមួយឆ្នាំរដ្ឋាភិបាល និងប្រជាពលរដ្ឋជប៉ុនបានផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់មកឱ្យកម្ពុជា ទាំងជំនួយមានសំណង និងជំនួយឥតសំណងដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ហើយឥឡូវនេះ រាជរដ្ឋាភិបាលជប៉ុនបានផ្តល់ឥណទានសម្បទាន ដែលមានទឹកប្រាក់ប្រមាណជា​​ ១៥០​លានដុល្លារ​បន្ថែមទៀតសម្រាប់គម្រោងអភិវឌ្ឍន៍មួយចំនួននៅក្នុងប្រទេសកម្ពុជា។

នៅក្នុងជំនួបមួយជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាពកាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម កុមឹរ៉ា ម៉ាសាហ៊ីរ៉ូ (KOMURA Masahiro)អនុរដ្ឋមន្រ្តី ក្រសួងការបរទេសជប៉ុនបានមានប្រសាសន៍ជម្រាបជូនសម្តេច ធិបតីថា ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ ឯកឧត្តមនឹងចុះហត្ថលេខាលើលិខិតប្តូរសារ និង ឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទាន ដែលមានទឹកប្រាក់ប្រមាណជា​​ ១៥០​លានដុល្លារ​ សម្រាប់គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់ ​ព្រមទាំងចូលរួមក្នុងកិច្ចប្រជុំ ICC-Angkor / សំបូរព្រៃគុក។ហើយ​ឯកឧត្តមក៏បានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះ គឺជាកិច្ចសហប្រតិបត្តិការអន្តរជាតិគំរូមួយលើវិស័យអភិរក្ស និងការពារបេតិកភណ្ឌវប្បធម៌ជាតិផងដែរ។

នៅក្នុងឱកាសនោះដែរ សម្តេចធិបតីបានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន ហើយក៏បានគូសបញ្ជាក់ជូនឯកឧត្តមអនុរដ្ឋមន្ត្រីផងដែរថា ក្នុងរយៈពេល៦ខែនេះ កម្ពុជា និងជប៉ុន បានសម្រេចនូវសមិទ្ធផលរួមគ្នាជាច្រើន ដូចជា៖ ការសម្ពោធផ្លូវជាតិលេខ៥ ការសម្ពោធស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ការពង្រីកកំពង់ផែស្វយ័តខេត្តព្រះសីហនុ និងការជំរុញវិនិយោគពីប្រទេសជប៉ុនមកកម្ពុជាជាដើម៕

 

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២