ឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន និងឯកឧត្ដម វ៉ាត់ ចំរើន បានអញ្ជើញទៅទទួលដំណើរមាតុភូមិនិវត្តន៍តារាចម្រៀងរ៉េប វណ្ណដា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីលោកចូលរួមសម្ដែងក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិកនៅប្រទេសបារាំង

ភ្នំពេញ ៖ ឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អមដំណើរដោយឯកឧត្ដម អគ្គលេខាធិការ វ៉ាត់ ចំរើន បានអញ្ជើញចូលរួមទទួលដំណើរមាតុភូមិនិវត្តន៍របស់តារាចម្រៀង ម៉ាន់ វណ្ណដា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤នេះ។

កំពូលតារាចម្រៀងរ៉េបលំដាប់អន្តរជាតិ ម៉ាន់ វណ្ណដា បានវិលត្រលប់ពីការចូលរួមច្រៀងក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិក នាទីក្រុងប៉ារីស ប្រទេសបារាំង កាលថ្ងៃអាទិត្យ ទី១១ ខែសីហា។ វណ្ណដា គឺជាសិល្បករខ្មែដំបូងគេ ដែលបានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍កីឡាដ៏ធំរបស់ពិភពលោកមួយនេះ។ចំណែកប្រតិភូកីឡាកម្ពុជាដែលបានទៅចូលរួមប្រកួតនឹងត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជា ​នាវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃនេះ។

តារាចម្រៀងរ៉េប Vann Da – វណ្ណដា បានធ្វើឲ្យប្រជាជនកម្ពុជាមានការភ្ញាក់ផ្អើល និងមោទកភាពជាខ្លាំង នៅពេលដែលលោកបានលេចមុខសម្តែងក្នុងពិធីបិទការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ នៅប្រទេសបារាំងតាមរយៈបទចម្រៀងដ៏ល្បីរបស់លោកគឺបទ«Time To Rise»។

លោកវណ្ណដាបានឱ្យដឹងថា«ការលើកបទចម្រៀង ‘𝐓𝐢𝐦𝐞 𝐓𝐨 𝐑𝐢𝐬𝐞 យកទៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនេះគឺជារឿងដ៏ធំមួយដែលខ្ញុំធ្វើសម្រាប់លោកគ្រូ គង់ ណៃ មុនពេល Perform ខ្ញុំបាននិយាយទៅកាន់លោកគ្រូថា «ខ្ញុំបានធ្វើរឿងដ៏ធំមួយសម្រាប់លោកគ្រូ»។

គួរជម្រាបផងដែរថា ការសម្តែងនៅក្នុងពិធីបិទកីឡាអូឡាំពិក ឆ្នាំ២០២៤ មានតារាចម្រៀងល្បីៗលំដាប់ពិភពលោកជាច្រើនរូបត្រូវបានជ្រើសរើសឲ្យចូលរួមសម្តែង ប៉ុន្តែបើនិយាយពីតំបន់អាស៊ីយើងគឺមានតែលោក វណ្ណដា តែម្នាក់ប៉ុណ្ណោះ នេះពិតជាមានមោទកភាពខ្លាំងណាស់សម្រាប់ប្រជាជាតិកម្ពុជាយើង។ តាមលំដាប់នៃការសម្តែងនារាត្រីថ្ងៃអាទិត្យ ទី១១ ខែសីហា នៅពហុកីឡដ្ឋាន Stade de France ត្រូវបានគេឃើញបង្ហាញវត្តមានដំបូងដោយតារាចម្រៀងស្រីអាមេរិក Golden Voyager។ បន្ទាប់មកក្រុមតារាចម្រៀងបារាំងដ៏ល្បី Phoenix ដែលមានសមាជិកច្រើនចូលរួមសម្តែង ក្នុងនោះមានតារាចម្រៀងស្រីរបស់ប្រទេសបែលហ្ស៊ិក Angèle ផងដែរ មុនពេលបង្ហាញខ្លួនសម្តែងទោលរបស់លោក ម៉ាន់ វណ្ណដា ជាមួយបទចម្រៀងដ៏ល្បីរបស់ខ្លួន៕

       

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២