ភ្នំពេញ ៖ រកឃើញហើយ ឃាតករដែលវាយសម្លាប់ស្ត្រីរងគ្រោះ ហើយដឹកយកទៅទម្លាក់ចោលនៅក្នុងដីឡូតិ៍មួយកន្លែង នៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវគឺជាអតីតប្ដី ។ចំណែកជនដៃដល់ បានរត់ទៅដល់ខេត្តបន្ទាយមានជ័យ និងបានចង ក ធ្វើអត្តឃាតតាមក្រោយដែរ។ ចំណែកឃាតករដៃដល់ ជាប្តីមាន ឈ្មោះប៊ន សេងហាប់ ។


ចំណែកស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចឲ្យដឹងថា ឈ្មោះអ៊ុន ស្រីល័ក្ខ អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋានជា អាន ហ្គាដេន មានទីតាំងស្ថិតនៅផ្ទះលេខ៥៨៩ ផ្លូវលំ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។
បើតាមប្រភពបានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០២២ ស្ត្រីរងគ្រោះបានសែនព្រេនជាមួយបុរសជាប្ដីឈ្មោះ ប៊ន សេងហាប់ (ឃាតករ) ហើយរស់នៅជាមួយគ្នា រហូតមានកូនស្រីចំនួន១នាក់។ នៅអំឡុងឆ្នាំ២០២៤ ពួកគេបានបែកបាក់គ្នាដោយសាររស់នៅមិនចុះសម្រុងនឹងគ្នា ហើយប្តីបានចាកចេញពីផ្ទះទៅធ្វើជាអ្នកបើកបរ។


តាមស្ត្រីជាម្ដាយបានឲ្យសមត្ថកិច្ចដឹងថា កាលពី៤ថ្ងៃមុន ជនសង្ស័យបានមករកកូនស្រីរបស់គាត់ (ជនរងគ្រោះ)។ លុះនៅវេលារសៀល ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២៥ កូនស្រីបានរៀបចំខ្លួនចេញទៅធ្វើការដូចសព្វដង ហើយនៅព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៥ ពុំឃើញត្រឡប់មកផ្ទះវិញ ក៏ទូរស័ព្ទមិនចូលលុះក្រោយមកទើបដឹងថាកូនស្រីស្លាប់។


បើតាមប្រភពពីស្ត្រីជាមេការបានឲ្យដឹងថា នៅល្ងាចថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២៥ ជនរងគ្រោះ បានកក់កញ្ចុះឲ្យប្ដីមកផឹកស៊ីម្ដងទៀត។ ពេលកំពុងផឹកស៊ីក៏មានទំនាស់គ្នាដោយប្ដីជនរងគ្រោះប្រច័ណ្ឌជនរងគ្រោះ។ ខណៈនោះបុគ្គលិក ហាង និងរូបនាង ក៏បានជួយទៅឃាត់។ នៅវេលាម៉ោប្រហែល១១ និង៣០នាទី ជនរងគ្រោះបានចេញពីធ្វើការដោយទុកម៉ូតូនៅហាង រួចឡើងជិះម៉ូតូទៅជាមួយប្ដីប្រាប់ថា ទៅផឹកស៊ីបន្តនៅម្ដុំរង្វង់មូលនាងមច្ឆា។


គួរបញ្ជាក់ផងដែរថា នៅវេលាម៉ោង៧ និង៥នាទីព្រឹកថ្ងៃទី ១០ខែមីនាឆ្នាំ ២០២៥ ប្រជាពលរដ្ឋដែលធ្វើដំណើរហាត់ប្រាណនៅក្នុងភូមិក៏បានប្រទះឃើញសពស្ត្រីរងគ្រោះដេកស្លាប់នៅក្នុងដីឡូតិ៍ទុកចោលមួយកន្លែងតាមផ្លូវឧកញ៉ាឌីប៊ូ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ធ្វើឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម៕

ដោយ៖ វិសាល

