ចិន ព្រមានសងសឹកវិញក្រោយសហរដ្ឋអាមេរិកបិទស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុង Houston

(ប៉េកាំង)៖ ប្រទេសចិនបានបញ្ជាក់ថាការផ្លាស់ប្តូអាកប្បកិរិយារបស់សហរដ្ឋអាមេរិកក្នុងការបិទស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុង Houston នាដើមសប្តាហ៍នេះ បានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរយ៉ាងធ្ងន់ធ្ងរ ហើយចិនបានព្រមានថា ខ្លួនត្រូវតែសងសឹក ប៉ុន្តែចិនមិនបានបញ្ជាក់ថានឹងសងសឹកដោយរបៀបណានោះទេ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ChannelNewsAsia ថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០។

កាលពីថ្ងៃអង្គារដើមសប្តាហ៍នេះ ទីក្រុងវ៉ាស៊ីនតោនបានផ្តល់ពេលដល់ប្រទេសចិនចំនួន ៧២ ម៉ោងដើម្បីបិទស្ថានកុងស៊ុលរបស់ខ្លូននៅទីក្រុង Houston ដោយសហរដ្ឋអាមេរិកបានចោទប្រកាន់ចិនពីបទធ្វើចារកម្ម។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានពិពណ៌នាការចោទប្រកាន់របស់សហរដ្ឋអាមេរិកថា ជាការបង្កហេតុនយោបាយ បង្កាច់បង្ខូច ព្យាបាទ និងថាទង្វើដែលមិនសមហេតុផលនេះបានបង្កអន្តរាយដល់ទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរយ៉ាងធ្ងន់ធ្ងរ។ ប្រទេសចិនត្រូវតែធ្វើការឆ្លើយតបជាចាំបាច់ និងការពារសិទ្ធិស្របច្បាប់របស់ខ្លួន សកម្មភាពរបស់អាមេរិកពេលនេះកំពុងបំផ្លាញចំណងមិត្តភាពរវាងប្រជាជនចិន និងសហរដ្ឋអាមេរិក ប៉ុន្តែលោក Wang Wenbin ​មិនបានបញ្ជាក់អំពីវិធានការណ៍ណាមួយដើម្បីសងសឹកនឹងសហរដ្ឋអាមេរិកនោះទេ។

យោងតាមសារព័ត៌មានរបស់ប្រទេសចិនបានរាយការណ៍ថា ប្រទេសចិនអាចនឹងបិទស្ថានកុងស៊ុលអាមេរិកវិញ​នៅទីក្រុង Chengdu ដើម្បីសងសឹក ព្រមទាំងកំពុងពិចារណាបិទស្ថានកុងស៊ុលអាមេរិកនៅទីក្រុងWuhan ដែលសហរដ្ឋអាមេរិកបានដកបុគ្គលិករបស់ខ្លូនចេញចាប់តាំងពីការ​ផ្ទុះឡើងដំបូងនៃជំងឺរាតត្បាតកូវីដ១៩។

ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានបញ្ជូនមន្ត្រីការទូតជាច្រើនរូប ដោយចេញដំណើរឆ្ពោះទៅកាន់ប្រទេសចិន តាមជើងហោះហើរពីទីក្រុងវ៉ាស៊ីនតោន ឆ្ពោះទៅកាន់ទីក្រុងសៀងហៃ គឺមានរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាឱ្យចិនបិទស្ថានកុងស៊ុលរបស់ខ្លួន នៅក្នុងទីក្រុង Houston ដែលហេតុនាំឲ្យប្រទេសមហាអំណាចទាំងពីរ កំពុងតែមានជម្លោះការទូតរវាងគ្នានឹងគ្នា៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២