ចិនបញ្ជាឱ្យ បិទស្ថានកុងស៊ុលអាមេរិកប្រចាំទីក្រុងChengdu

(ប៉េកាំង)៖ នៅថ្ងៃសុក្រនេះ ​ប្រទេសចិនបានបញ្ជាឱ្យសហរដ្ឋអាមេរិកបិទស្ថានកុងស៊ុលប្រចាំទីក្រុង Chengdu ដើម្បីជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិកការដែលបិទស្ថានកុងស៊ុលរបស់ខ្លួននៅក្នុងទីក្រុង Houston  ខណៈទំនាក់ទំនងរវាងមហាអំណាចលើពិភពលោកទាំងពីរកាន់តែអាក្រក់ឡើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០។

ប្រទេសចិនបានព្រមាននឹងសងសឹកវិញ បន្ទាប់ពីអាមេរិកទុកពេល៧២ ម៉ោង ដើម្បីចាកចេញពីស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុង Houston និងបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនពិចារណាអំពីសកម្មភាពរបស់ខ្លួនឡើងវិញ។ សហរដ្ឋអាមេរិកបានរំលោភបំពានច្បាប់អន្តរជាតិ, បទដ្ឋាននៃទំនាក់ទំនងអន្តរជាតិ និងលក្ខខណ្ឌអនុសញ្ញាស្ថានកុងស៊ុលរវាងប្រទេសចិន – សហរដ្ឋអាមេរិក ដែលជាហេតុបង្កអន្តរាយដល់ទំនាក់ទំនងយ៉ាងធ្ងន់ធ្ងររវាងប្រទេសទាំងពីរ។នៅថ្ងៃសុក្រនេះ  ក្រសួងការបរទេសចិនបានជូនដំណឹងដល់ស្ថានទូតអាមេរិកប្រចាំនៅប្រទេសចិនអំពីការសម្រេចចិត្តរបស់ខ្លួនក្នុងការដកកិច្ចព្រមព្រៀងសម្រាប់ការបង្កើត និងប្រតិបត្តិការអគ្គកុងស៊ុលសហរដ្ឋអាមេរិកប្រចាំនៅទីក្រុង Chengdu ។

សូមជម្រាបជូនថា ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងបានធ្លាក់ចុះយ៉ាងខ្លាំងនៅពេលថ្មីៗនេះ  ដោយសារបញ្ហាជាច្រើន រាប់ចាប់ពី សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា រហូតដល់បញ្ហាជំងឺឆ្លងកូវីដ១៩  ការទាមទារទឹកដីរបស់ចិននៅសមុទ្រចិនខាងត្បូង និងការគាបសង្កត់របស់ចិន លើទីក្រុងហុងកុងផងដែរ៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២