មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន៖ “អាវុធនុយក្លេអ៊ែរនឹងធានាបាននូវសន្តិសុខជាតិរបស់កូរ៉េខាងជើង”

(ព្យុងយ៉ាង)៖ កាលពីថ្ងៃអង្គារដើមសប្តាហ៍នេះ មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានប្រារព្ធពិធីខួបលើកទី ៦៧ នៃការបញ្ចប់សង្គ្រាមកូរ៉េ ដោយលោកបានបញ្ជាក់នាឪកាសនោះថា កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាការធានាសន្តិសុខជាតិដ៏រឹងមាំមួយដែលអាចជឿទុកចិត្តបាន និងជាការទប់ស្កាត់ដ៏មានប្រសិទ្ធភាពដែលអាចរារាំងសង្គ្រាមកូរ៉េ មិនឲ្យកើតឡើងជាលើកទី២។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuter ថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០។

យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើងបានឱ្យដឹងថាលោកគីម ជុងអ៊ុន បានប្រកាសថាប្រទេសរបស់លោកបានព្យាយាមក្លាយជាខ្លួនជា “រដ្ឋអាវុធនុយក្លេអ៊ែរ”  មួយដែលមិនអនុញ្ញាតឲ្យមានសង្គ្រាមណាមួយកើតឡើងលើទឹកដីនេះទៀតទេ ហើយអនាគតសន្តិសុខរបស់ប្រទេសមួយនេះនឹងត្រូវបានធានាយ៉ាងរឹងមាំ និងអចិន្រ្តៃយ៍ដោយសារតែការទប់ស្កាត់ដោយអាវុធនុយក្លេអ៊ែរដែលអាចទុកចិត្តបាន និងប្រកបដោយប្រសិទ្ធភាព។

ការអត្ថាធិប្បាយរបស់លោក គីម ជុងអ៊ុន នៅក្នុងពិធីប្រារព្ធខួបលើកទី៦៧ នៃការបញ្ចប់នៃសង្គ្រាមកូរ៉េនៅឆ្នាំ ១៩៥០-៥៣នេះ បានបង្ហាញសារជាថ្មីថា លោកគ្មានបំណងបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ​របស់លោកឡើយ ខណៈដែលលោកនៅតែបន្តទស្សនវិស័យមិនច្បាស់លាស់សម្រាប់បន្តទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក។

គួរជម្រាបជូនថា ការលើកឡើងរបស់លោកគីម ជុងអ៊ុន ​ខាងលើនេះបានកើតឡើងចំពេលកិច្ចពិភាក្សា លុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាងដែលជាថ្នូរ នឹងការបន្ធូរបន្ថយទណ្ឌកម្មពីទីក្រុងវ៉ាស៊ីនតោនកំពុងតែជាប់គាំង។ មេដឹកនាំកូរ៉េជើងលោកគីម ជុងអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំបានជួបគ្នាជាលើកដំបូងនៅឆ្នាំ ២០១៨ នៅប្រទេសសិង្ហបុរីដោយបង្កើនក្តីសង្ឃឹមសម្រាប់ការចរចាបញ្ចប់ការគំរាមកំហែងកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ប៉ុន្តែកិច្ចប្រជុំកំពូលលើកទី២ របស់ពួកគេគឺឆ្នាំ ២០១៩ នៅប្រទេសវៀតណាមនិងកិច្ចប្រជុំថ្នាក់ការងារជាបន្តបន្ទាប់មិនសម្រេចបានកិច្ចព្រមព្រាងណាមួយឡើយ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២