ភ្នំពេញ៖ អ្នកប្រយុទ្ធសាច់សល្អក្បាច់គុនខ្មែរកីឡាករសែន រ៉ាដេត ប៉ះដៃគូចាស់ទៀតហើយនៅពេលនេះ ដែលរូបគេចូលខ្លួនមកសុំសងសឹកជាថ្មី ក្រោយពីបរាជ័យពីរលើកក្រោមថ្វីដៃរបស់សែន រ៉ាដេត កីឡាករប្រេស៊ីលកើតទុក្ខមិនសុខចិត្តបានណាត់ជួបតតាំងជាថ្មីម្ដងទៀតជាមួយជើងខ្លាំងគុនខ្មែរមកពីក្លឹបគុនខ្មែរដែនសមុទ្រ។


រ៉ាដេតនឹងត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយដៃគូចាស់ក្នុងជំនួបការប្រកួតលក្ខណៈគុនខ្មែរ វាយបីទឹក ។ ដោយការជួបគ្នាពីរដងលើកមុនមានទាំងការប្រកួតវាយប្រាំទឹក និងមានទាំងការប្រកួតបីទឹក ។

តាមរយៈកីឡាកសែន រ៉ាដេតបានឲ្យដឹងថា ដ្បិតការប្រកួតលើកមុនទទួលបានជ័យជំនះក៏ពិតមែន ប៉ុន្តែតានតឹងគ្រាន់បើ ដូច្នេះការប្រកួតលើកនេះ គេមិនហ៊ាននិយាយឡើយថាបែបណា ព្រោះមិនអាចមើលងាយគូប្រកួតបានទេ ដោយសារតែគេមកវិញលើកនេះប្រាកដជាចង់សងសឹកខ្លាំងណាស់។

កុំភ្លេចចូលរួមតាមដានទស្សនាការប្រកួតសងសឹកដ៏ជក់ចិត្តនេះទាំងអស់គ្នា នៅលើសង្វៀន Wurkz សេនាគុនខ្មែរយ័ន្ត៨ទិស។ ដោយមានការផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ថោន នៅវេលាម៉ោង៧យប់តទៅ ទស្សនិកជនក៏អាចចូលរួមទស្សនា ដោយសេរីនៅសង្កាត់គីឡូម៉ែត្រលេខ 6 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕

ដោយ៖ វិកគី

