មិនធម្មតា! ក្រុមកីឡាជឺជីតស៊ូកម្ពុជាបានមេដាយសរុបចំនួន២៩គ្រឿង  ក្នុងនោះមាស ៩គ្រឿងពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសហ្វីលីពីន

ភ្នំពេញ៖ ក្រុមអត្តពលិកកីឡាជឺជីតស៊ូកម្ពុជាដណ្ដើមបានមេដាយសរុប២៩គ្រឿងពីការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍កម្រិតតំបន់ ឆ្នាំ២០២៥ នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ពីថ្ងៃទី១២ដល់ថ្ងៃទី១៣ ខែកក្កដា។ក្នុងចំណោមមេដាយទាំង២៩គ្រឿងនេះ មានមេដាយមាស៩គ្រឿង, ប្រាក់៨គ្រឿង និងសំរឹទ្ធ១២គ្រឿង។ ការប្រកួតនេះ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានបញ្ជូនកីឡាករកីឡាការិនីចំនួន១៨រូប ដែលជាចំនួនដ៏ច្រើនមិនធ្លាប់មានពីមុនមកក្នុងព្រឹត្តិការណ៍ជាលក្ខណៈអន្តរជាតិនៅក្រៅប្រទេស។

គួរឱ្យដឹងផងដែរថា តាមរយៈ ឯកឧត្ដម ថោង បញ្ញាធន ប្រធានស្ដីទីសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាមានប្រសាសន៍ថា ការបញ្ជូនសមាសភាពអត្តពលិកទៅយ៉ាងច្រើនបែបនេះ ក៏ជាផ្នែកមួយនៃការតេស្ដសមត្ថភាពត្រៀមព្រឹត្តិការណ៍កីឡាជើងឯកអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ២០២៥ ផងដែរ។

សូមជម្រាបជូនផងដែរថា ក្នុងចំណោមអត្តពលិកកីឡាជឺជីតស៊ូកម្ពុជាទាំង១៨រូបនោះ ក៏មានវត្តមានកូនខ្មែរអាម៉េរិក២រូប ដែលបានជាប់ជម្រើសជាតិជាលើកដំបូង។អត្តពលិកកីឡាជឺជីតស៊ូកម្ពុជា និងប្រតិភូ គ្រូបង្វឹកនឹងធ្វើមាតុភូមិនិវត្តន៍ដល់ប្រទេសកម្ពុជាវិញនៅថ្ងៃអង្គារ ទី១៥ ខែកក្កដានេះ៕

  

ដោយ៖ វីកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២