ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាបង្ហាញគោលជំហរបន្តគាំទ្រសកម្មភាព ជាផ្នែកលើកទឹកចិត្តដល់រដ្ឋាភិបាល និងវរៈកងទ័ពជួរមុខ

ភ្នំពេញ៖ លោក គុជ ឆៃយ៉ា ប្រធានចាត់ការទួទៅក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានបង្ហាញគោលជំហររបស់ខ្លួន ក្នុងនាមជាអ្នកដឹកនាំក្រុមពិធីករកីឡាកម្ពុជានៅតែបន្តគោលជំហរក្នុងសកម្មភាពជួយដល់សង្គម គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងវរៈកងទ័ព ដែលកំពុងឈរជើងនៅជួរមុខការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ប្រទេសថៃ។

ការចូលរួមគាំទ្រពីសំណាក់ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ដែលជាអ្នកផ្សព្វផ្សាយដ៏សកម្មមួយ ក្នុងការងារជួយសង្គម គឺប្តេជ្ញាចិត្តបន្តចូលរួមគាំទ្រ គ្រប់រូបភាពដែលបង្ហាញអំពីការគាំទ្រយ៉ាងពេញទំហឹងជូនចំពោះរាជរដ្ឋាភិបាល និងវរកងទ័ពជួរមុខយើង។ ការចូលរួមពីពួកយើងទាំងអស់គ្នានេះ ជាការបង្ហាញនូវស្មារតីស្រលាញ់ជាតិ មិនបោះបង់ជាតិ ទោះស្ថិតនៅកាលៈទសៈណាក៏ដោយ។ប្រជាជនគឺជាខឿនការពារជាតិ ឈរនៅពីក្រោយជានិច្ច។ ទន្ទឹមជាមួយគ្នានេះ ក្នុងនាមជាក្រុមអ្នកផ្សព្វផ្សាយ សូមប្តេជ្ញាចូលរួមគ្រប់សកម្មភាពមិនរាថយ ការស្ម័គ្រចិត្តចូលរួមពីក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជានេះ គឺបានកើតចេញពីទឹកចិត្តស្រលាញ់ និងលះបង់ដើម្បីជាតិ ។

ជាមួយគ្នានេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជាមានប្រសាសន៍ថា កម្មវិធីច្រៀងចម្រៀងជាតិ លើកទឹកចិត្តជូនវរៈកងទ័ពជួរមុខនេះ ដើម្បីបង្ហាញអំពីស្មារតីសាមគ្គីភាពជាតិខ្មែរ ដោយមានប្រជាជនជាខឿនការពារជួរក្រោយ ដើម្បីជួយដល់កងទ័ពជួរមុខ ព្រមទាំងរំលេចនូវ ស្មារតីជាតិនិយម របស់ប្រជាជនខ្មែរស្ថិតនៅ ជាអមតៈ ។ ឯកឧត្តមគូសរំលេចថា ក្នុងនាមជាកូនខ្មែរមួយរូប លោកពិតជាមាន មោទនភាព ដោយឃើញទឹកចិត្តសប្បុរសនៃប្រជាពលរដ្ឋរបស់យើង ដើម្បីបន្តចូលរួមជាសកម្មភាព ទោះជាទម្រង់ខុសគ្នាយ៉ាងណាក៏ដោយ ក៏ជាចំណែកបន្តបំផុសខឿនការពារជាតិប្រជាជន ដើម្បីគាំទ្រដល់វិធានការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ជាពិសេសបង្ហាញពីការគាំទ្រ ដល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការ រៀបចំឯកសារ ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ទៀតថា សកម្មភាពទាំងអស់នៅក្នុងថ្ងៃនេះ ពិតជាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីអត្តចរិតខ្មែរដែលមានភាព ចាស់ទុំ ថ្លៃថ្នូរ “ទោះបីទៅដល់ទីណា ក៏យើងនៅតែ ជាខ្មែរ” ហើយនេះជាពេលវេលារបស់យើងទាំងអស់គ្នា ដែលត្រូវបង្ហាញទៅកាន់ពិភពលោកឱ្យកាន់តែស្គាល់ច្បាស់ថា ខ្មែរមានស្មារតីរួបរួម ខ្មែរមានទឹកចិត្ត ឆន្ទៈនៃការចូលរួម ។យើងមានក្តីស្រលាញ់ដែលកើតចេញពី DNA របស់ខ្មែរ ។

សកម្មភាពយើងនៅក្នុងពេលនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញថា ប្រជាជនយើងត្រៀមខ្លួន រួចរាល់ដើម្បីគាំទ្រ នៅពេលដែលប្រទេសជាតិយើង កំពុងតែត្រូវការយើង ។ យើងមិនអាចទៅឈរជើង នៅតំបន់ជួរមុខជាមួយបងៗកងកម្លាំងក៏ពិតមែន ក៏ប៉ុន្តែយើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រដល់រាជរដ្ឋាភិបាល ព្រមទាំងបងៗកងកម្លាំងប្រដាប់អាវុធដែលបានស្ម័គ្រចិត្ត ការពារបូរណភាពទឹកដីរបស់យើងទាំងអស់គ្នា ។ ការគាំទ្រដ៏រឹងមាំពីប្រជាពលរដ្ឋខ្មែរ ដែលបានមកពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ ជាតិសាសន៍ ពណ៌សម្បុរ និងជំនឿសាសនា…ជាភស្តុតាងថា ប្រទេសកម្ពុជាមានបេះដូងសាមគ្គីភាព និងសេចក្តីស្រឡាញ់ជាតិ ការរួបរួមជាតិ គឺមិនមែនជាការធ្វើក្នុងពេលតែមួយ ឬពេលនេះទេ ប៉ុន្តែជាការប្តេជ្ញាបន្តជារៀងរាល់ថ្ងៃ។ សូមបងប្អូនយើងទាំងអស់គ្នា ចងចាំអំពីបេសកកម្មរួមមួយនេះ និងបន្តដើរទៅមុខ ដោយចិត្តស្មោះស្ម័គ្រ ដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ៕

   

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២