ភ្នំពេញ៖ កីឡាករគីងកុងពិឃាត សាន់ គុនខ្មែររបស់ក្លឹបគុនខ្មែរដូនតាមានបំណងចង់ឡើងសង្វៀន CAMBODIA MAS FIGHT ជាយូរមកហើយ គ្រាន់តែបានប្រកួតកាលពីថ្ងៃអាទិត្យម្សិលម៉ិញនេះភ្លាម ក្រសោបយកលុយធំពីកម្មវិធីនេះតែម្ដង។


កាលពីម្សិលម៉ិញនេះ កីឡាករសាន់ គុនខ្មែរបានប្រកួតតទល់ជាមួយកីឡាករមកពីប្រទេសអាហ្សង់ទីន ហ្វាឌុន ស៊ូអារីស ក្នុងជំនួបការប្រកួតមិត្តភាពអន្តរជាតិ១ទឹក ៩នាទី ។
កីឡាករគុនខ្មែរជើងខ្លាំងរូបនេះប្រើប្រាស់រយៈពេលត្រឹមតែ ៤នាទីប៉ុណ្ណោះ ក្នុងការផ្ដាច់គូប្រកួតឲ្យបោះបង់ បន្ថែមពីនេះប្រើប្រាស់ក្បាច់ប្រកួតក្លេ បំបាក់គូប្រកួតថែមទៀតផង។


គ្រាន់តែចូលដល់នាទីដំបូង កីឡាករគុនខ្មែរបានព្យាយាមសម្រុកវាយបុកជាខ្លាំង ប៉ុន្តែកីឡាករអន្តរជាតិរូបនេះហាក់បីដូចជារឹងគ្រាន់បើ គ្រាន់តែដឹងចំណុចខ្សោយគេដៃគូភ្លាម សាន់បានផ្លាស់ប្ដូរបច្ចេកទេសក្នុងការវាយ។ ប្ដូរពីការបុកមកជាការប្រើក្បាច់ក្លេដើម្បីយកជ័យជំនះគ្រាន់តែបានចូលដល់នាទីទី៤ភ្លាម រូបគេបានប្រើប្រាស់ក្បាច់ពិសេសមួយនេះ ធ្វើឲ្យកីឡាករអន្តរជាតិមកពីប្រទេសអាហ្សង់ទីនបោះបង់ការប្រកួតតែម្ដង ។


គួជម្រាបផងដែរថា ក្រោយបញ្ចប់ការប្រកួតទទួលជ័យជំនះ កីឡាករសាន់ គុនខ្មែរ ទទួលបានទឹកប្រាក់១លាន៦សែនភ្លាមៗបន្ថែមពីលើតម្លៃខ្លួនពីកម្មវិធីដែលជាទឹកប្រាក់សល់បន្ថែមពីគូមុន ដែលមិនអាចផ្ដាច់គូប្រកួតបាន ៕

ដោយ៖ វិកគី

