លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ដាក់ចេញនូវទិសដៅ៥ សម្រាប់គណៈរដ្ឋមន្រ្តីថ្មី

(បាងកក)៖ នៅថ្ងៃសុក្រនេះ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានផ្តល់ទិសដៅគោលនយោបាយចំនួន ៥ ទៅគណៈរដ្ឋមន្រ្តីថ្មីរបស់លោក និងបានអំពាវនាវជនជាតិថៃគ្រប់ភាគីទាំងអស់រួបរួមគ្នា និងមានឯកភាពជាតិតែមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Bangkokpost នៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោកនាយករដ្ឋមន្រ្តីថៃ បានបញ្ជាក់ពីអាទិភាពដំបូងរបស់គណៈរដ្ឋមន្រ្តីថ្មីរបស់លោកគឺ ១, ដោះស្រាយការរងទុក្ខដែលបណ្តាលមកពីផលប៉ះពាល់ Covid-19 ជាពិសេសក្នុងសហគ្រាស​ធុនតូច និងមធ្យម។ ២, ត្រូវស្វែងរកវិធីដើម្បីដោះស្រាយបញ្ហាប្រកបដោយចីរភាព។ ៣, រដ្ឋាភិបាលត្រូវផ្តល់ការលើកទឹកចិត្តដល់អាជីវកម្មដើម្បីរក្សានិយោជិក។ ៤, ត្រូវរៀបចំផែនការជួយនិស្សិតទើបបញ្ចប់ការសិក្សាមានការងារធ្វើ​។ ៥, រដ្ឋមន្រ្តីទាំងអស់ត្រូវអនុវត្តផែនការទាំងអស់នេះដោយតម្លាភាពទាំងស្រុង និងស្តាប់យោបល់ពីភាគីពាក់ព័ន្ធទាំងអស់។

លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ នឹងធ្វើសិក្ខាសាលាជាមួយគ្រប់វិស័យទាំងអស់នៅខែនេះ និងខែក្រោយដើម្បីប្រមូលគំនិតលើការជំរុញការអនុវត្តសេដ្ឋកិច្ច ព្រមទាំងបានស្នើសុំឱ្យរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអញ្ជើញអ្នកជំនាញរបស់ប្រទេសនេះ ដើម្បីចែករំលែកគំនិតយោបល់ជាមួយរដ្ឋាភិបាលស្តីពីវិធីគ្រប់គ្រងសេដ្ឋកិច្ចក្នុងពេលមានវិបត្តិវីរុសកូវីដ១៩។

សូមជម្រាបជូនថា សេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រីថៃ បានកើតឡើងនៅពេលដែលនិស្សិតនៅទូទាំងប្រទេសបានបង្កើនការតវ៉ារបស់ពួកគេប្រឆាំងនឹងរដ្ឋាភិបាល និងបានអំពាវនាវឱ្យមានការកែទម្រង់របបរាជានិយម។ អ្នកសិក្សានៅទូទាំងប្រទេសក៏បានសម្តែងការគាំទ្រចំពោះការតវ៉ាដោយសន្តិវិធីរបស់និស្សិត និងការទាមទាររបស់ពួកគេផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២