ភ្នំពេញ៖ នេះជាបេសកកម្មថ្មីមួយទៀតរបស់កីឡាកររិន សារ័ត្ន ក្នុងនាមជាកីឡាករតំណាងឲ្យកម្ពុជា ទៅប្រកួតMMAដណ្ដើមខ្សែក្រវ៉ាត់នៅប្រទេសវៀតណាម តទល់នឹងកីឡាកររបស់ថៃ នៅថ្ងៃស្អែកនេះ ដែលត្រូវនឹងថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ។


សារ័ត្ននឹងត្រូវប៉ះជាមួយកីឡាករថៃដែលមានឈ្មោះថា ឆាយុទ្ធ រ៉ូចាណាក់កាត់ ក្នុងការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ GMA (Gods of Martial Arts) ជាសង្វៀនដ៏ធំមួយនៅប្រទេសវៀតណាម។
កីឡាកររិន សារ័ត្ន បានឱ្យដឹងថា រូបគេមានជំនឿជឿជាក់ និងតាំងចិត្តខ្ពស់ណាស់ សង្ឃឹម៨០-៩០% ក្នុងការទទួលជ័យជំនះលើគូប្រកួត ព្រោះគេបានខិតខំហ្វឹកហាត់ខ្លាំងណាស់ក្រោយពីដឹងថាត្រូវជួបដៃគូថៃ។

កីឡាករកម្ពុជារូបនេះបានបន្ថែមថា គេបានសិក្សាច្រើនពីគូប្រកួត ដោយកីឡាករថៃរូបនោះមានសមត្ថភាពឈរវាយឆ្ងាយ និងចូលចាប់ខាងក្រោម ។ ក៏ប៉ុន្តែសារ័ត្នបានត្រៀមខ្លួនរួចជាស្រេច សម្រាប់បច្ចេកទេស និងអាវុធមួយចំនួនក្នុងការវាយតបតទៅវិញ ពិសេសការពារខ្លួន ហើយប្រសិនបើមើលឃើញពីចំណុចខ្សោយរបស់ដៃគូភ្លាម គេនឹងយកឱកាសវាយផ្ដាច់ ឬប្រើស្នៀតវាយខាងក្រោមសន្ធាប់ទៅកាន់ដៃគូវិញ មើលតាមជាក់ស្តែង។
ដូច្នេះការតាំងចិត្តរបស់កីឡាករកម្ពុជាដែលត្រូវប៉ះជើងខ្លាំងថៃថ្ងៃស្អែកនេះនៅវៀតណាម គេនឹងវាយឲ្យអស់១០០%នៅក្នុងការប្រកួតដើម្បីយកជ័យជំនះឲ្យបាន ព្រោះគេបានប្រើរយៈពេលមួយខែពេញនៅក្នុងការហ្វឹកហាត់ជាមួយលោកគ្រូហ៊ុន ចាន់រាជ្យ ដែលជាគ្រូបង្គោលផ្ទាល់ ។
អត្តពលិកកម្ពុជាបីរូប ដែលត្រូវប្រកួតនៅប្រទេសវៀតណាមថ្ងៃស្អែកនោះ មានដូចជាកីឡាកររិន សារ័ត្ន ត្រូវប៉ះកីឡាករថៃ ,កីឡាករគោរម ច័ន្ទរាជ្យ ប៉ះកីឡាករម៉ាឡេស៊ី , កីឡាករឡុង ឡា ប៉ះកីឡាករបាឡេស៊ី ដើម្បីដណ្តើមខ្សែក្រវ៉ាត់ទាំងបី ដែលការប្រកួតនឹងចាប់ផ្ដើមពីម៉ោង៧យប់ តទៅ។ សូមជូនពរឱ្យបេសកកម្មរបស់កីឡាករគ្រប់រូបទទួលបានជ័យជំនះយកខ្សែក្រវ៉ាត់មកជួនជាតិមាតុភូមិ ពិសេសបានលើកទង់ជាតិកម្ពុជាឲ្យពិភពលោកបានស្គាល់៕

ដោយ៖ វិកគី

