ភ្នំពេញ៖ អាជីវករ២នាក់ប្ដីប្រពន្ធឆ្លៀតពេលទំនេរពីការលក់ដូរបាននាំគ្នាទៅស្ទូចត្រីលេង ខណៈនោះមានជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿងទៅឈប់ជិតរួចឆក់ខ្សែ ក ពីបុរសជាប្តីបានសម្រេច បន្ទាប់មកជិះម៉ូតូគេចខ្លួនទៅបាត់ស្រមោល ។ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៣ និង ១៥ នាទីរសៀលថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៥ នៅចំណុចស្រះទឹកមួយកន្លែង នៅភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះជាប្ដីមានឈ្មោះម៉ៅ ធាន អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែន សុខ រាជធានីភ្នំពេញ បានបាត់បង់ខ្សែកប្លាទីន១ខ្សែតម្លៃ១៥០០ដុល្លារ ។
ជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុឆ្លៀតពេលទំនេរពីការលក់ដូរ ពួកគាត់ទាំង២នាក់ប្ដីប្រពន្ធបាននាំកូន២នាក់ជិះរថយន្តម៉ាកឡង់គ្រីស័រពាក់ស្លាកលេខកម្ពុជាPICH-007 ទៅស្ទូចត្រីនៅចំណុចកើតហេតុខាងលើ ។ ខណៈកំពុងស្ទូចត្រីស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកហុងដា ស្កូបពីស៊េរីឆ្នាំ២០២៥ ពណ៍ ស មួយគ្រឿងទៅឈប់ចម្ងាយប្រហែល១០ម៉ែត្រពីពួកគាត់ ហើយមិនបានពន្លត់ម៉ាស៊ីនម៉ូតូនោះទេ ។

ជនរងគ្រោះបាននិយាយបន្តទៀតថា ពេលនោះជនសង្ស័យបានសួរគាត់ថា ស្ទូចត្រីបានអត់? ហើយខណៈដែលគាត់ជាប់និយាយទូរស័ព្ទ ស្រាប់តែជនសង្ស័យឆក់យកខ្សែ ក ប្តីបានសម្រេច រួចរត់ឡើងជិះម៉ូតូទៅតាមផ្លូវជាតិលេខ៣បាត់ ។ ហើយពួកគាត់ក៏បានបើករថយន្តដេញតាមរហូតដល់មុខបុរីពិភពថ្មីអត់ទាន់ក៏ត្រលប់ក្រោយវិញ ក្នុងបំណងទៅផ្ទះ លុះដល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក៏បត់ត្រលប់ក្រោយទៅកន្លែងកើតហេតុវិញឃើញជនសង្ស័យកំពុងរាវទឹកក្នុងកន្លុកនៅតាមបណ្តោយផ្លូវ ។
ជនរងគ្រោះដដែលបានឱ្យដឹងបន្តទៀតថា ពេលនោះគាត់មិនបានដឹងថា ជនសង្ស័យរូបនោះកំពុងរាវរកអ្វីនោះទេ ប៉ុន្តែសង្ស័យរាវរកខ្សែក ដែលឆក់បានពីបុរសជាប្តីហើយជ្រុះនៅទីនោះ ។ហើយគ្រាន់តែឃើញរថយន្តគាត់ទៅដល់ជនសង្ស័យបានរត់ឡើងម៉ូតូ គាត់ក៏បត់រថយន្តប្រុងបុក ប៉ុន្តែបុកអត់ទាន់ជនសង្ស័យ ក៏ជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍កន្ទោកបានចុះទៅកាន់ទីនោះ រួចនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង ដើម្បីស្រាវជ្រាវចាប់ខ្លួនជនសង្ស័យខាងលើ ៕

