ភ្នំពេញ៖ អ្នកប្រយុទ្ធល្អកែងវ័យក្មេង ផានិត គុនខ្មែរ មកពីក្លឹបគុនខ្មែរដូនតា បង្ហាញអារម្មណ៍មិនអស់ចិត្ត ក្រោយពីប៉ះរបស់ពិតមកពីប្រទេសមីយ៉ាន់ម៉ា មហាស្វិតហើយតាន់ នៅក្នុងកម្មវិធី Wurkz សេនាគុនខ្មែរ យ័ន្ត៨ទិសកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងមកនេះ។


ការប្រកួតមិត្តភាពអន្តរជាតិ៣ទឹកពេញយ៉ាងតានតឹង ផានិតបានព្យាយាមចូលវាយដៃគូ រហូតដល់ភ្លាត់បែកខ្លួនឯង រូបគេបានលាន់មាត់សរសើរដៃគូ ក្រោយប្រកួតចប់ថា កីឡាករ សាន ទុ ជាជើងខ្លាំងLeith Wei មីយ៉ាន់ម៉ាមួយនេះ មិនធម្មតារបស់គេមែន។
ការប្រកួតមួយនេះ ផានិតបានប្រើប្រាស់អស់ក្បាច់ ទាំងជង្គង់ហោះ ទាំងនាគវ័តកន្ទុយ ការធាក់ចូលចំផ្ទៃមុខ មានទាំងក្បាច់កែងទៀត ប៉ុន្តែដៃគូរបស់គេហាក់ដូចជានៅធម្មតា ។ គ្រាន់តែរបួសបែកមុខបន្តិច ប្រហែលជាអាចដេរពីរថ្នេរ។


គួរជម្រាបផងដែរថា កីឡាករវ័យក្មេងរូបនេះបានឲ្យដឹងថា នេះជាលើកទីមួយហើយ កន្លងមកគេមិនធ្លាប់បានប៉ះដៃគូណាស្វិតបែបនេះទេ លក្ខណៈថាវាយគេឡើងហត់ខ្លួនឯង អាវុធរបស់កីឡាករមីយ៉ាន់ម៉ារូបនេះមិនសូវជាប៉ុន្មានទេ ប៉ុន្តែល្អត្រង់ស៊ូ និងស្វិត ។
បើទោះបីជាយ៉ាងណាក៏ដោយ ក៏លទ្ធផលកីឡាកគុនខ្មែរនៅតែទទួលបានជ័យជំនះ ក្រោយការប្រកួតបីទឹកពេញយ៉ាងតានតឹង ពិសេសទឹកចុងក្រោយ ផានិតក៏នៅតែអាចយកឈ្នះគូប្រកួតបានដោយពិន្ទុ ៕

ដោយ៖ វិកគី

