អីយ៉ា ! ជួបលំដាប់គីឡូ៥១គុនខ្មែរ ប៉ែនកាក់ មហាម៉ាត់ត្រៀមប៉ះជើងខ្លាំងម៉ាឡេស៊ី លើសង្វៀន Wurkz សេនាគុនខ្មែរយន្ត៨ទិសសប្តាហ៍នេះ ដឹងតែជក់ចិត្តហើយបងប្អូន!

ភ្នំពេញ៖ ការប្រកួតដ៏កម្រមួយនេះ ធានាថាជក់ចិត្ត និងទាក់ភ្នែកអ្នកគាំទ្រជាពុំខាន ព្រោះមិនងាយបានឃើញទេ វត្តមានកីឡាករកំពុងតែឡើងជើងប្រភេទទម្ងន់៥១គីឡូក្រាម ជាកីឡាករមកពីក្លឹបសេន ប៊ុនថេន ប៉ែនកាក់គុនខ្មែរគឺកីឡាករមហាម៉ាត់ ដែលមានសញ្ជាតិអាហ្វាហ្គានីស្ថាន។

បើនិយាយពីប្រវត្តិប្រកួតនៅក្នុងស្រុករបស់កីឡាករមហាម៉ាត់ ដូចជារាងក្រែលគ្រាន់បើដែរ ពិសេសគឺបទពិសោធន៍ប្រកួតជាមួយកីឡាករសុទ្ធតែជើងខ្លាំងក្នុងស្រុក ដូច្នេះបា្រកដជាប្លែកភ្នែកហើយសប្តាហ៍នេះនៅលើសង្វៀន Wurkz សេនាគុនខ្មែរយន្ត ៨ ទិស ដោយកីឡាកររូបនេះនឹងឡើងមកសាកទឹកដៃជាមួយកីឡាករបរទេសវិញម្ដង ជាកីឡាករមកពីប្រទេសម៉ាឡេស៊ី ដែលមានឈ្មោះថាហ្វាតហីល ហ្វររេស ។

 

គូប្រកួតរបស់មហាម៉ាត់ មានប្រវត្តិមិនធម្មតាឡើយ ដោយធ្លាប់ប្រកួតឈ្នះចំនួន២៥ដង,ចាញ់៨ដង ហើយរូបគេមានកម្ពស់១ម៉ែត្រ៧០ ប្រហាក់ប្រហែលជាមួយប៉ែនកាក់ មហាម៉ាត់ដែរ។

បន្ថែមពីលើគូជក់ចិត្តនេះ នៅថ្ងៃសៅរ៍ទី៣០ ខែសីហានេះ ក៏មានការប្រកួតជាច្រើនគូទៀត ពិសេសសុទ្ធតែជាអាយដលរបស់បងប្អូន ក្នុងនោះមានដូចជា៖ កីឡាករអេអាំម៉ារីន ភូថង ត្រូវប៉ះជាមួយកីឡាករប្រេស៊ីល ថម អឹមស៉ី , ចំណែកខ្លាចាស់ឡុង ជិន ត្រូវជួបកីឡាករម៉ាឡេស៊ីអៃម៉ាន ជាជើងខ្លាំងម្ចាស់ខ្សែក្រវ៉ាត់ផងដែរ , ហើយសោម ពិសិដ្ឋ ក៏ត្រូវជួបប្រកួតជាមួយកីឡាករឡាវ សឹងយ៉ៃ ស ស៊ឹងយ៉ៃ ។

ការប្រកួតគូមិត្តភាពរីគី កុំកុំ ប៉ះជាមួយហិត សុភាព, សម្ផស្ស គុនខ្មែរ ត្រូវប្រកួតជាមួយ មាស សុវណ្ណារាម។

ព្រឹត្តិការណ៍ប្រកួតដ៏កក្រើកនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៥ ទីតាំងនៅស្ថានីយ៍ទូរទស្សន៍ថោន ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់ចាប់ពីម៉ោង៧យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV , facebook page៖ TOWN FULL HDTV,TOWN FM 102,25  និងWURKZ ផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២