ភ្នំពេញ៖ ប្លែកភ្នែកទៀតហើយសប្តាហ៍នេះ ការប្រកួតនៅលើសង្វៀន GANZBERG រាជសីហ៍គុនខ្មែររបស់ស្ថានីយទូរទស្សន៍ថោន ជាមួយការប្រកួតដ៏កក្រើក ដើម្បីដណ្ដើមពានរង្វាន់ ប្រភេទទម្ងន់៦៧គីឡូក្រាម ដែលមានវត្តមានកីឡាករជើងខ្លាំងមកពីបណ្តាប្រទេសចំនួន៤ មកសាកកណ្តាប់ដៃគ្នាលើសមរភូមិក្បាច់គុនសប្តាហ៍នេះ។រងចាំតាមដានទស្សនាទាំងអស់គ្នាបងប្អូនថាតើកីឡាករជើងខ្លាំងរូបណាអាចដណ្តើមពានរង្វាន់ដ៏ស្រស់ស្អាតនេះបាន?។

វត្តមានកីឡាករជើងខ្លាំងចំនួន៤ រូប ដែលតំណាងបួនប្រទេស មកតតាំងគ្នានៅលើសង្វៀនដើម្បីប្រជែងដណ្តើមពានយកទៅផ្ទះ និងប្រទេសខ្លួនវិញនោះមានដូចជា៖ ភក្តី គុនខ្មែរ , កីឡាករអាហ្គានីស្ថាន អាលីរ៉េហ្សា , កីឡាករមកពីប្រទេសចិន វៃ យ៉ាង ,កីឡាករមកពីប្រទេសតួគី យ៉ាលីន អ៊ីប្រាហីម។

ជើងខ្លាំងទាំងបួនរូបនេះនឹងត្រូវចាប់ឆ្នោត ដើម្បីរកអ្នកប៉ះគ្នានៅជុំទី១ បន្តមកទៀតអ្នកឈ្នះជុំទីមួយ នឹងត្រូវឡើងទៅប៉ះគ្នាវគ្គផ្ដាច់ព្រ័ត្រក្នុងថ្ងៃតែមួយ ដើម្បីដណ្ដើមពានរង្វាន់ ជាមួយនឹងប្រាក់ឧបត្ថម្ភយ៉ាងច្រើនសន្ធឹកសន្ធាប់។

ក្រៅពីការប្រកួតដណ្តើមពានរង្វាន់នេះ ក៏មានការប្រកួតគូមិត្តភាពអន្តរជាតិពីរគូទៀតគឺ កីឡាកររិទ្ធ វិបុល នឹងត្រូវប៉ះជើងខ្លាំងមកពីម៉ាឡេស៊ី ហ្សាំ ភ្លីក , ចំណែកឯអ្នកលេងអាវុធកែងឆេះជង្គង់ហោះម៉ឺន មេឃា នឹងត្រូវជួបប្រកួតជាមួយកីឡាករអ៊ីរ៉ង់ ហ្សាមែន ។កុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកុះករបងប្អូន។

ព្រឹត្តិការណ៍ប្រកួតនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ស្អែកនេះ កម្មវិធីចាប់ផ្តើមពីម៉ោង ៨ យប់តទៅ នៅស្ថានីយទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សូកែវ រាជធានីភ្នំពេញ។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV , facebook page៖ TOWN FULL HDTV,TOWN FM 102,25 និងGANZBERG ផងដែរ៕

ដោយ៖ វិកគី

