ភ្នំពេញ៖ តើនឹងមានអ្វីកើតឡើង បើអ្នកពូកែកែង ត្រូវមកប៉ះគ្នាលើសង្វៀនតែមួយបែបនេះ? ដោយម្នាក់ជាកីឡាករពេញឡើងជើង ម្នាក់ទៀតជាជើងខ្លាំងពោរពេញដោយបទពិសោធន៍ប្រភេទទម្ងន់៥១ អ្នកណាក៏ស្គាល់។ទោះបីជាខកខានមកសង្វៀនយូរ តែមកលើកនេះអ្នកប្រយុទ្ធខាំ ខ្លានាង នឹងត្រូវប៉ះសិស្សប្អូន រស្មី គុនខ្មែរ ដែលមានអាវុធមុតស្រួចតែមួយ ល្អដូចគ្នាគឺការវាយកែង។កីឡាករទាំងពីរនឹងត្រូវប្រកួតមិត្តភាពជាតិគុនខ្មែរហ្គង់ចេញម្រាម (Kun Khmer Rules MMA Gloves)ប្រកួតថ្ងៃសុក្រទី២៩ ខែសីហា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧យប់តទៅ ទីតាំង នៅស្ថានីយ៍ទូរទស្សន៍ថោន។


រស្មី គុនខ្មែរ ជាកីឡាករវ័យក្មេងតស៊ូក្នុងអាជីពប្រដាល់ ពេលខ្លះហ្វឹកហាត់ពិបាកខ្លាំងពេក រត់ទៅស្រុកកន្លះឆ្នាំ ពេលខ្លះយំពេលហ្វឹកហាត់ ចង់បោះបង់ចោលម្តងៗ តែចិត្តនៃក្តីស្រឡាញ់ នៅតែតស៊ូ រហូតដល់ឥឡូវ ដោយសារបំណងប្រាថ្នាធំរបស់គេ នៅមិនទាន់បានសម្រេច។រស្មី គុនខ្មែរបានទម្លាយប្រវត្តិប្រកួតហ្គង់ចេញម្រាមបានជាង១០ដងនិងចាញ់តែម្តងគត់ រូបគេបានប្រឡូកក្នុងវិស័យប្រដាល់នៅអំឡុងដើមឆ្នាំ ២០១៨។

ចំណែកកីឡាករគុនខ្មែរខាំ ខ្លានាង បានទទួលមេដាយមាសកីឡាស៊ីហ្គេមលើកទី៣២ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ក្រោយយកឈ្នះកីឡាករវៀតណាម Le Cong Nghi នៅវគ្គផ្តាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិមរតកតេជោធ្វើឱ្យមហាជនកាន់តែស្គាល់រូបគេរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ខាំ ខ្លានាង គឺជាកីឡាករល្អមួយរូប និងជាជើងចាស់ម្នាក់ដែលមានសមត្ថភាពខ្ពស់ កីឡាករល្អក្បាច់ ខាំ ខ្លានាង វ័យ១៧ឆ្នាំបានចូលប្រឡុក ក្នុងវិស័យកីឡាប្រដាល់ក្នុងឆ្នាំ២០១០ មុនក្លាយជាអ្នកប្រដាល់គុនខ្មែរល្បីឈ្មោះ ខ្លានាង មានជីវភាពលំបាកយ៉ាងខ្លាំង ធ្លាប់ធ្វើជាកម្មករសំណង់ កម្មករលីឈើ កម្មករឡឥត ក្រោយមក ខាំ ខ្លានាង បានក្លាយជាអ្នកប្រដាល់ជើងខ្លាំងពិបាករកគូប្រកួត ក្នុងប្រភេទទម្ងន់ស្រាល៥១គីឡូក្រាម។

ក្រៅពីកីឡាករជើងខ្លាំងមួយគូខាងលើនេះ សង្វៀន Boostrong King of The Ring Kun Khmer សង្វៀនមូល មុនគេបង្អស់ ថ្មី ប្លែក ក៏នៅមានគូប្រកួតលក្ខណៈម៉ារ៉ាតុនដណ្តើមពានរង្វាន់សង្វៀន Boostrong King of The Ring Kun Khmer ហ្គង់ចេញម្រាមទៀត ដោយមានកីឡាករជើងខ្លាំងជាច្រើនត្រៀមខ្លួនចូលរួមប្រកួតគឺមាន កីឡាករហ៊ីម គឹមរៀង (HIM KIMREANG) ,ប៉ែនកាក់ យ៉ាស៊ីន (PENKAK YASIN) ,អាលី ដូរ៉ានី (ALI DORANI) និងកីឡាករអាយ៉ាឌីន សាឌីជី (AYADIN SADEGHI) ។

សម្រាប់គូមិត្តភាពអន្តរជាតិគុនខ្មែរហ្គង់ចេញម្រាម (Kun Khmer Rules MMA Gloves)វិញគឺកីឡាករឈុត សេរីវ៉ាន់ថង ត្រៀមស្វាគមន៍កីឡាករចិន QIN JIN។បងប្អូនអាចចូលរួមទស្សនាដោយសេរី ឬទស្សនាតាមរយៈការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង Boostrongផងដែរ ៕

ដោយ៖ វិកគី

