ភ្នំពេញ៖ ជើងខ្លាំងក្បាច់គុនមកពីប្រទេសចិនទម្ងន់៦៧គីឡូក្រាមមួយរូបត្រូវបានអ្នកគាំទ្រស្គាល់កាន់តែច្បាស់ ក្រោយពីបំបាក់សុទ្ធតែជើងខ្លាំង និងក្រសោបបានពានពីកម្មវិធី GANZBERG រាជសីហ៍គុនខ្មែរ កាលពីយប់ម៉ិញទៀត ជាមួយប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ថែមទៀត។


ការប្រកួតម៉ារ៉ាតុងរវាងកីឡាករជើងខ្លាំងបួនរូបកាលពីយប់ថ្ងៃទី២៨ សីហា នៅស្ថានីយ៍ទូរទស្សន៍ថោន បន្ទាប់ពីការចាប់ឆ្នោត ជុំទី 1 កីឡាករវ៉ៃ យ៉ាង ជើងខ្លាំងតំណាងឲ្យប្រទេសចិន បានប្រកួតប៉ះកីឡាកតួគី យ៉ាលីន អ៊ីប្រាហីម កីឡាករទួគីរូបនេះខ្លាំងមិនធម្មតា ពូកែកណ្ដាប់ដៃ ប៉ុន្តែត្រឹមទឹកទីមួយសោះកីឡាករវ៉ៃ យ៉ាងរបស់ប្រទេសចិនបានវាយកីឡាករអន្តរជាតិតួគីឱ្យរាប់រហូតដល់ទៅ២ដង ហើយនៅចុងទឹកទី១អ្នកទាំងពីរបានព្យាយាមវាយដូរកណ្ដាប់ដៃគ្នាយ៉ាងសន្ធាប់ រហូតដល់កីឡាករតួគីទៅមុខលែងរួច ទើបលោកអាជ្ញាកណ្ដាលសម្រេចបញ្ឈប់ការប្រកួតត្រឹមចុងទឹកទី ១តែម្តង ហើយកីឡាករវ៉ៃយ៉ាង ក៏បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។


នៅក្នុងជុំទីមួយនេះផងដែរភក្តី គុនខ្មែរ បានចាប់ឆ្នោតប៉ះដៃគូចាស់សងសឹក កីឡាករសញ្ជាតិអាហ្វានីស្ថាន ហ្វឹកហាត់នៅក្លឹបសេន ប៊ុនថេនប៉ែនកាក់គុនខ្មែរ ដែលអ្នកទាំងពីរធ្លាប់បានប៉ះគ្នាម្ដងរួចមកហើយដោយការប្រកួតចុងក្រោយលទ្ធផលស្មើគ្នា។ ចំណែកឯការប្រកួតជុំទី 1 យប់ម៉ិញនេះមានភាពតានតឹងខ្លាំង ភក្តីបានព្យាយាមលេងទាត់ជើងក្រោម ដើម្បីបំបែកកង់របស់អារីហ្សា។ ចំណែកកីឡាករអារីហ្សា មានកណ្ដាប់ដៃរហ័សបានព្យាយាមវាយលើ អ្នកទាំងពីរវាយគ្នាទៅមកចូលទាំងសងខាង ប្រើរយៈពេល៣ទឹកពេញយ៉ាងតានតឹង បញ្ចប់ការប្រកួតប្រកាសលទ្ធផល កីឡាករប៉ែនកាក់ អារីហ្សា បានយកឈ្នះភក្តី គុនខ្មែរដោយពិន្ទុ ឡើងទៅជុំផ្ដាច់ព្រ័ព្រ័ត្រប៉ះកីឡាករវ៉ៃ យ៉ាង របស់ចិន ។


ចំណែកឯជុំផ្ដាច់ព្រ័ត្រវិញមិនត្រឹមតែតានតឹងប៉ុណ្ណោះទេ ប៉ុន្តែការប្រកួតជក់ចិត្តទាក់ភ្នែកសាកសមជាគូផ្ដាច់ព្រ័ត្រដណ្ដើមពានរង្វាន់ពិតៗ ។ ការប្រកួតវាយចូលគ្រប់ក្បាច់ទាំងសងខាង មានទាំងបែកស្រក់លោហិតពេញសង្វៀនថែមទៀត នៅទឹកទី ២ កីឡាករវ៉ៃយ៉ាង ប្រើស្ទើរតែគ្រប់ក្បាច់ ទាំងការបុកកែង ទាំងការទាត់ចុងក្រោយ រហូតដល់កីឡាករប៉ែនកាក់ អារីហ្សា របួសបែកថ្ងាសចេញឈាមស្រោចពេញខ្លួន។ នៅក្នុងទឹកទីបី នាទីដំបូងដោយមើលឃើញកីឡាករអាហ្គានីស្ថានហូរឈាមខ្លាំងពេកស្រោចពេញផ្ទៃមុខ អាចប៉ះពាល់ដល់ភ្លែក និងពិបាកវាយផងនោះ លោកអាជ្ញាកណ្ដាលក៏ដូចជាក្រុមគ្រូពេទ្យក៏សម្រេចបញ្ចប់ការប្រកួតនេះតែម្ដង។ ហើយជ័យជំនះ និងពានរង្វាន់ ជាមួយទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីកម្មវិធី ក៏ត្រូវបានទៅលើកីឡាករមកពីប្រទេសចិនវ៉ៃ យ៉ាងតែម្តង។


សូមជម្រាបផងដែរថា ការទទួលបានពានរង្វាន់មួយនេះនឹងធ្វើឲ្យគេស្គាល់គុនខ្មែរកាន់តែច្រើន ជាពិសេសបង្ហាញអំពីភាពសុក្រិតយុត្តិធម៌ របស់កម្មវិធីគុនខ្មែរ មិនថា កីឡាករបរទេសឬក៏កីឡាករខ្មែរនោះទេឲ្យតែមានសមត្ថភាពគឺសុទ្ធតែអាចទទួលបានពានរង្វាន់ពីកម្មវិធីទៅដោយក្តីមោទនបែបនេះ៕

ដោយ៖ វិកគី

