ភ្នំពេញ៖ ទីបំផុតការចាប់ពូលដើម្បីប្រកួតជម្រុះសន្សំពិន្ទុ ដណ្ដើមខ្សែក្រវ៉ាត់ IPCC Kun Khmer រដូវកាលថ្មី ត្រូវបានរកឃើញកីឡាករដែលស្ថិតនៅក្នុងពូលទាំងពីរហើយ ក្រោយពីការធ្វើសន្និសិទ្ធសារព័ត៌មានចាប់ពូល កាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ម្សិលម៉ិញនេះ នៅអគារChip Mong Tower ។


ក្នុងការចាប់ពូលនេះ ក៏មានការចូលរួមជាអធិបតីពីឯកឧត្តម មិល កាដូ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ , ឯកឧត្តម ហេង សុឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីង, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុនខ្មែរប៊ែរវើរីជីស , ឯកឧត្តមវ៉ា សុធា ស្វាមីលោកជំទាវឧកញ៉ាជួប មាន អគ្គនាយិកាក្រុមហ៊ុនថោនគ្រុប , លោកTommy Kim ស្ថាបនិកប្រដាល់គុនខ្មែរប្រចាំស្ថានីយ៍ទូរទស្សន៍ថោន ព្រមទាំងថ្នាក់ដឹកនាំកីឡាករ កីឡាការិនី ជាច្រើនរូបទៀត ក៏មានវត្តមាននៅក្នុងឱកាសនោះផងដែរ។


ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់ IPCC Kun Khmer រដូវកាលថ្មី បានចាប់ផ្តើមហើយ បន្ទាប់ពីចម្រាញ់បានម្ចាស់ពានចំនួន៨នាក់ ដើម្បីប្រកួតដណ្តើមខ្សែក្រវាត់ដ៏ធំ និងស្រស់ស្អាតនេះ។
ហើយកីឡាករ ដែលបានចាប់ឆ្នោតបែងចែកតាមពូលនីមួយៗមានដូចខាងក្រោមនេះ៖
-សម្រាប់ ពូល Aគឺមានកីឡាករ សុផាត មេសា ,មិត្ត រមលី, ទី រះ និងកីឡាករប៊ុនទិត្យ គុនខ្មែរ ។
-ដោយឡែកសម្រាប់ពូល B វិញគឺមានកីឡាករ រឿង ឌីណា, ប៉ែនកាក់ អេរ៉ាវ៉ាន់, ម៉ាលី អគ្គីនេត និងកីឡាករ ឃួន ឡាំងកូស៊ីន ។


ប្រកួតសប្តាហ៍ដំបូង ប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៥ សង្វៀនថោន គឺជាការជួបគ្នារវាងកីឡាករ សុផាត មេសា និងកីឡាករ មិត្ត រមលី, កីឡាករ ទី រះ ប៉ះជាមួយប៊ុនទិត្យ គុនខ្មែរ។


គួរជម្រាបជូនផងដែរថា សង្វៀន Wurkz សេនាគុនខ្មែរយ័ន្ត ៨ទិស ឈានដល់វគ្គពិសេសហើយ ក្រោយពីមានការប្រកួតអស់រយៈពេលជាច្រើនសប្តាហ៍ ដោយការប្រកួតម៉ារ៉ាតុង ដណ្តើមពានរង្វាន់ ហើយម្ចាស់ពានរង្វាន់ទាំង ៨ រូប ដែលបានយកឈ្នះកាលពីសប្តាហ៍កន្លងទៅ ក៏ត្រូវចូលខ្លួនជាបេក្ខភាពដណ្ដើមខ្សែក្រវ៉ាត់ IPCC KUN KHMER CHAMPIONSHIPនេះផងដែរ ដែលនេះគឺជាការរៀបចំថ្មីមួយទៀតដើម្បីសម្រិតសម្រាំងរកកីឡាករជើងខ្លាំងពិតប្រាកដ ពិសេសដើម្បីឲ្យច្បាស់ថា គ្រប់កីឡាករដែលចូលរួមប្រកួតប្រជែងដណ្តើមខ្សែក្រវ៉ាត់សុទ្ធតែបានឆ្លងកាត់ការប្រកួតជម្រុះបែបនេះ ដោយសមត្ថភាពរបស់កីឡាករគ្រប់រូបផ្ទាល់ ដើម្បីឲ្យប្រាកដថាម្ចាស់ខ្សែក្រវាត់គឺត្រូវតែមានគុណភាពពិតប្រាកដ ទើបអាចទៅប្រកួតប្រជែងជាមួយកីឡាករជើងខ្លាំងនៅតាមបណ្តាប្រទេស និងកម្មវិធីធំៗ ជាបន្តបន្ទាប់លក្ខណៈអន្តរជាតិបាន៕

ដោយ៖ វិកគី

