អីយ៉ា! អ្នកលេងអាវុធសាច់ស ល្អក្បាច់ សែន រ៉ាដេត ប៉ះជើងខ្លាំងមកពីអ៊ីរ៉ង់ ស្អែកនេះ ដឹងតែល្អមើលហើយបងប្អូន ព្រោះគេបានសម្លៀងអាវុធត្រៀមជាយូរមកហើយ ដើម្បីប៉ះជើងខ្លាំងរូបនេះ!

ភ្នំពេញ៖ អ្នកលេងអាវុធគុនខ្មែរមកពីខេត្តកោះកុង ដែលអ្នកគាំទ្រឲ្យរហ័សនាមថា សាច់ស ល្អក្បាច់ សែន រ៉ាដេត សប្តាហ៍នេះនឹងមានវត្តមានប្រកួតមិត្តភាពអន្តរជាតិវាយ៣ទឹក តទល់ជាមួយជើងខ្លាំងមកពីប្រទេសអ៊ីរ៉ង់ កីឡាករ ALI DORANI ក្នុងកម្មវិធី WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស (Kun Khmer Warriors) ដែលនឹងប្រកួតនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ កម្មវិធីចាប់ផ្តើមពីម៉ោង ៧យប់តទៅ ទីតាំងនៅស្ថានីយ៍ទូរទស្សន៍ថោន ។

កីឡាករជើងខ្លាំងរបស់អ៊ីរ៉ង់ ដៃគូសែន រ៉ាដេត រូបនេះមានអាវុធសម្លាប់ ច្រើនអាចបត់បែនតាមដៃគូ ប្រវត្តិប្រកួតលើសង្វៀនរបស់គេមានចំនួន៣៥ដងក្នុងនោះឈ្នះ២៩,ចាញ់៥ ស្មើ១ដង ALI មានបទពិសោធន៍ប្រកួតអន្តរជាតិច្រើន ដូច្នេះការប៉ះសែន រ៉ាដេតចុងសប្តាហ៍នេះ មិនមែនជាការប្រកួតលំបាកសម្រាប់រូបគេឡើយ។

ចំណែកឯកីឡាករសែន រ៉ាដេតវិញ ដ្បិតវិលចូលប្រកួតរយៈកាលចុងក្រោយនេះ រូបគេហាក់ធ្វើបានល្អច្រើន ប៉ុន្តែនៅមិនទាន់ដូចជំនាន់មុនឡើយ។ កីឡាករល្អក្បាច់រូបនេះហាក់ប្រើប្រាស់ ចិត្តសាស្ត្រច្រើនជាងកម្លាំង តាមបទពិសោធន៍ ប៉ុន្តែបើនិយាយពីយុទ្ធសាស្ត្រក្បាច់នៅតែល្អដូចដើម ដូច្នេះការប្រកួតនេះនឹងមិនធ្វើឲ្យអ្នកទស្សនាខកបំណងឡើយ។

បន្ថែមពីគូជក់ចិត្តនេះ ក៏មានគូប្រកួត វគ្គសន្សំពិន្ទុជុំទី១ ពូល A ខ្សែក្រវាត់ IPCC Kun Khmerគឺកីឡាករសុផាត មេសា  ត្រូវប៉ះជាមួយកីឡាករសុភាព រមលី។ហើយកីឡាករ ទី រះ  ត្រូវប្រកួតជាមួយ កីឡាករប៊ុនទិត្យ គុនខ្មែរ។

ចំណែកឯគូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)វិញគឺកីឡាករ ប៊ុនតុង គុនខ្មែរ ប៉ះកីឡាករប្រេស៊ីល KAWAN។កីឡាករ ខេម ចាន់  ប៉ះកីឡាករអ៊ីរ៉ង់  MOHAMMAD ALI។កីឡាករ ធី វ៉ារិទ្ធ  ប៉ះជាមួយកីឡាករចិន  JIANG RONGLONG។

សូមបងប្អូនអញ្ជើញចូលរួមទស្សនាការប្រកួតដោយសេរី នៅស្ថានីយ៍ទូរទស្សថោន ស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង WURKZ ផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២