កក្រើកកណ្ដាលរាជធានីភ្នំពេញ កម្មវិធីប្រកួតឯកជនអន្តរជាតិ Mas Fight MMA មានកីឡាករកម្ពុជាច្រើនរូបចូលរួម ឡើងផ្អើលអ្នកគាំទ្រចិន

ភ្នំពេញ៖ ប្លែកអារម្មណ៍ ជាមួយការប្រកួតMas Fight MMA ដែលរៀបចំនៅកណ្ដាលរាជធានីភ្នំពេញ ទីតាំងនៅផ្សារទំនើប Soho Mall កាលថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដែលមានការចូលរួមពីសំណាក់កីឡាករមកពីបណ្ដាប្រទេសជាច្រើន ជាពិសេសក្នុងនោះ ក៏មានការអញ្ជើញកីឡាករកម្ពុជាចូលរួមផងដែរ។

អ្នកគាំទ្រការប្រកួតក្បាច់គុននៅក្នុងស្រុកជាច្រើនប្រាកដជាបានស្គាល់ពីច្បាប់ការប្រកួតMas Fightហើយ ដែលនាំចូលមកកាន់ប្រទេសកម្ពុជាផ្ដាច់មុខដំបូងគេដោយស្ថានីយ៍ទូរទស្សន៍ថោន រួមសហការជាមួយស្ថាប័ន Mas Fight ពិភពលោក ។ ហើយការប្រកួតមួយនេះប្លែកខុសពីការប្រកួតដទៃទៀត គឺមានតែមួយទឹកប៉ុណ្ណោះ ដែលមានរយៈពេល៩នាទី ហើយការប្រកួតកាលពីពេលថ្មីៗនេះ មានការសហការពីភាគីចិន និងកម្ពុជា ដោយយកច្បាប់ Mas Fight ជាគោលសម្រាប់ការប្រកួត។

មិនតែប៉ុណ្ណោះម្ចាស់កម្មវិធីក៏បានអញ្ជើញថ្នាក់ដឹកនាំក្នុងវិស័យកីឡាប្រដាល់គុនខ្មែរជាច្រើនរូបចូលរួមជាភ្ញៀវកិត្តិយស ដែលមានវត្តមាន ឯកឧត្តមវ៉ាត ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា , ឯកឧត្តមខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាគុនខ្មែរ, ឯកឧត្តមវ៉ា សុធា ថ្នាក់ដឹកនាំស្ថានីយ៍ទូរទស្សន៍ថោន,លោក Tommy Kim អគ្គលេខាធិការសហព័ន្ធ Kick boxing កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

 

គួរជម្រាបផងដែរថា ការប្រកួត Mas Fight MMA ដែលរៀបចំឡើងកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅនេះ ក៏បានអញ្ជើញកីឡាករជើងខ្លាំងលំដាប់ក្នុងស្រុកខ្មែរជាច្រើនរូបដូចជា កីឡាករឡុង ឡា បានយកឈ្នះគូប្រកួតមកពីប្រទេសចិនក្នុងការប្រកួត Mas Fight MMA , កីឡាករមាស ប៊ុនថេន បានយកឈ្នះគូប្រកួតចិន លូ  យីហ្វូ,ចំណែកឯកីឡាកររិន សារ័ត្ន បានស្អំបេះដូងអ្នកគាំទ្រឡើងវិញ តាមរយៈការប្រកួតយ៉ាងល្អ ស្មើជាមួយគូប្រកួតក្បាច់គុន MMA ដែលជាដៃគូរចាស់របស់កីឡាករចាន់ រតនា ក្នុងការប្រកួតដណ្ដើមពាន Mas Fight MMA , ចំណែកឯសែន ចាន់រិទ្ធិស័ក បានបរាជ័យក្រោមថ្វីដៃកីឡាករចិន ។ជាមួយគ្នានោះ ក៏មានការប្រកួតគូអន្តរជាតិជាច្រើនគូទៀតផងដែរ

យ៉ាងណាមិញការប្រកួតនេះ ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ប្រជាជនចិន ដែលរស់នៅក្នុងប្រទេសកម្ពុជាដែលបានមកចូលរួមជាភ្ញៀវកិត្តិយស ធ្វើឲ្យប្រជាជនចិនកាន់តែចាប់អារម្មណ៍មកលើសមត្ថភាព កីឡាករកម្ពុជា បន្ទាប់ពីការសហការរៀបចំកម្មវិធីនេះដោយជោគជ័យ។ហើយជឿជាក់ថា អាចនឹងមានការសហការបន្តបន្ទាប់ទៀតបង្កើតកម្មវិធីធំៗលំដាប់អន្តរជាតិបែបនេះនៅពេលថ្ងៃខាងមុខ ដោយមានការសហការពីក្រុមការងាររបស់ភាគីចិន និងរៀបចំគាំទ្របន្ថែមពីក្រុមការងារកម្ពុជា។ព្រឹត្តិការណ៍ប្រកួតដ៏កម្រនេះ បញ្ចប់ទៅប្រកបដោយភាពជោគជ័យ និងបន្ថែមភាពស្និទ្ធស្នាលរវាងកម្ពុជា-ចិន តាមរយៈការផ្សារភ្ជាប់វិស័យកីឡាមួយនេះ ក៏ដូចជាមានការសំដែងពិសេសៗជាច្រើន និងការបង្ហាញពីសិល្បៈវប្បធម៌របស់ខ្មែរនៅក្នុងកម្មវិធីនោះផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២