នៅថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមអ្នករាជានិយមថៃប្រមាណ ១,២០០នាក់ បានប្រមូលផ្តុំគ្នា នៅឯពហុកីឡដ្ឋានជាតិក្នុងទីក្រុងបាងកក ដើម្បីបង្ហាញការគាំទ្រដល់របបរាជានិយម បន្ទាប់ពីការធ្វើបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាលដែលដឹកនាំដោយក្រុមនិស្សិត បានកើតឡើង ដើម្បីអំពាវនាវឲ្យមានផ្លាស់ប្តូររដ្ឋាភិបាល និងកំណែទម្រង់អំណាចស្ថានប័នព្រះមហាក្សត្រ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន reuters នៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០។
ការប្រមូលផ្ដុំគ្នានៅពហុកីឡាដ្ឋានជាតិក្នុងទីក្រុងបាងកក នៅថ្ងៃអាទិត្យនេះ ក្រុមអ្នករាជានិយមបានប្រមូលផ្តុំគ្នា ដៃកំពុងកាន់ទង់ជាតិ និងព្រះឆាយាល័ក្ខណ៍នៃព្រះមហាក្សត្រថៃ Maha Vajiralongkorn ដែលភាគច្រើនជាមនុស្សវ័យចំណាស់ ដែលពួកគេបានហៅខ្លួនឯងថាThai Pakdee បានជំរុញប្រជាពលរដ្ឋថៃការពាររបបរាជានិយម និងប្រទេសជាតិរបស់ខ្លួន។
បាតុករម្នាក់ក្នុងចំណោមអ្នករាជានិយម ឈ្មោះ Somporn Sooklert អាយុ ៦៣ ឆ្នាំ បានមានប្រសាសន៍ថា ខ្ញុំចង់ឲ្យយុវជនជំនាន់ក្រោយ ស្រលាញ់ប្រទេសជាតិ សាសនា និងរាជានិយម តាមដែលអាចធ្វើទៅបាន ពីព្រោះបើគ្មានមួយក្នុងចំណោមបីនេះ ប្រទេសជាតិមិនអាចរីកចម្រើនបានទេ។
សូមជម្រាបថា ការប្រមូលផ្តុំនេះកើតឡើងបន្ទាប់ពីមានការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃដឹកនាំដោយក្រុមនិស្សិតអស់រយៈពេលជាងមួយខែមកហើយ ដែលបានប្រឆាំងទាមទាររំលាយរដ្ឋាភិបាល និង កែទម្រង់អំណាចរបបរាជានិយម៕
