បរាជ័យភ្លាម ធឿន ធារ៉ាលើកម្រាមដៃ១០ សុំទោសអ្នកគាំទ្រ ខណៈមហាជនភាគច្រើនតបថា កីឡាមានឈ្នះ មានចាញ់ ជារឿងធម្មតា!

ភ្នំពេញ៖ អ្នកគាំទ្រភាគច្រើនប្រាកដជាបានដឹងហើយពីការប្រកួតកាលពីពេលថ្មីៗនេះ ដែលអ្នកលេងពូថៅដៃធឿន ធារ៉ា ទទួលរងបរាជ័យនៅលើសង្វៀនប្រយុទ្ធ ជារឿងដ៏កម្រខ្លាំងណាស់ ដែលរូបគេរងនូវភាពបរាជ័យ ដោយត្រូវបោះបង់ការប្រកួតដោយសារកីឡាករ អាហ្សៃបៃហ្សង់ទៅវិញ ។

ក្រោយពេលបញ្ចប់ការប្រកួតភ្លាម ធារ៉ាមិនគិតពីខ្លួនឯងនោះទេ ប៉ុន្តែបែរជាលើកទូរស័ព្ទមកថតវីដេអូរសុំទោសមហាជន និងអ្នកគាំទ្រដោយហេតុថា ខ្លួនធ្វើមិនបានល្អ។កីឡាករជើងខ្លាំងរូបនេះបានឲ្យដឹងថា ” សម្រាប់ការប្រកួតជាមួយកីឡាករអាហ្សៃបៃហ្សង់នោះ រូបគេក៏មិនបានគិតថា លឿនដល់ថ្នាក់នោះដែរ ដោយហេតុថា រូបគេវ៉ៃតាមទម្លាប់គឺវ៉ៃបុកស្របគ្នាដោយប្រហែសមួយពេល ក៏ភ្លាត់បែបនេះតែម្តង ដូច្នេះហើយធារ៉ាបានលើកម្រាមដៃ១០ សុំទោសពុកម៉ែបងប្អូនទាំងអស់គ្នា ដែលខ្លួនធ្វើមិនបានល្អបែបនេះ។

 

យ៉ាងណាមិញ ក៏មានអ្នកគាំទ្រមួយចំនួនដែលបានទស្សនាការប្រកួតហើយឃើញពីការលំបាករបស់ធឿន ធារ៉ា និងភាពឈឺចាប់ក្រោយពីរងរបួសភ្នែកពេលដែលចូលកណ្ដាប់ដៃពេញរបស់កីឡាករជើងខ្លាំង រូសឡាន ណាហ្គីយ៉ាវ ដែលកីឡាកររូបនេះគឺជាជើងខ្លាំងមួយរូបប្រវត្តិប្រកួត ២៥ លើកធំៗ ឈ្នះរហូត១៧លើកឯណោះ មុនប៉ះធឿន ធារ៉ា នេះ ក៏ជាមូលហេតុមួយទៀតដែលធ្វើឲ្យ ធារ៉ាពិបាក។ ដូច្នេះអ្នកគាំទ្រភាគច្រើនក៏បានចូលទៅលើកទឹកចិត្តធារ៉ា ដោយមានក្តីយោគយល់ និងអាណិតមិនបានដាក់បន្ទុកបន្ថែមឡើយ ព្រោះកីឡាតែងមានឈ្នះមានចាញ់ ថ្ងៃមុនយើង ថ្ងៃនេះក៏អាចជាគេ គ្រាន់តែសុំឲ្យធារ៉ាធ្វើឱ្យបានល្អលើកក្រោយ កុំឱ្យដូចលើកនេះទៀត ។

ចំណែកឯអ្នកគាំទ្រខ្លះដែលស្រឡាញ់ចង់ឃើញធារ៉ា កាន់តែខ្លាំងជាងនេះ ក៏បានចូលទៅសរសេរជាមតិរិះគន់ដើម្បីស្ថាបនា ដោយសារតែការស្រឡាញ់ ។ សង្ឃឹមថា ពុកម៉ែបងប្អូនទាំងអស់គ្នានឹងមានការយោគយល់ដល់កីឡាករធឿន ធារ៉ា ក៏នឹងយកបរាជ័យនៅក្នុងថ្ងៃនោះជាបទពិសោធន៍ កម្លាំងចិត្តដើម្បីកសាងខ្លួនឯង កាន់តែខ្លាំង ដើម្បីមហាជន និងគុនខ្មែរបន្តទៀត ។

 

បើតាមកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារ Town News មុនប្រកួត ធារ៉ាក៏បានដឹងច្បាស់ថា ដោយគូរបស់ខ្លួនខ្លាំងកម្រិតណា ប៉ុន្តែគេបានតាំងចិត្តវាយអស់ពីលទ្ធភាពក្នុងការវិលមកវិញ ដូច្នេះហើយទើបគ្រាន់តែចាប់ផ្ដើមប្រកួតភ្លាមគេសម្រុកភ្លាម ទើបមានភាពភ្លាត់បែបនេះ ។

បើក្រឡេកមកមើលដៃគូរបស់ធារ៉ាវិញ មុនការប្រកួតក៏បានផ្តល់ការសម្ភាសន៍មកក្រុមការងារថោនថា រូបគេពិតជាបានត្រៀមខ្លួនយ៉ាងល្អ ហើយស្គាល់ពីធារ៉ាច្បាស់ណាស់ ដូច្នេះរូបគេប្រាកដជា រកវិធីសាស្ត្រ ពេលដែលធារ៉ាភ្លេចខ្លួនដើម្បីយកជ័យជំនះ ការតាំងចិត្ត និងក្តីរំពឹងរបស់គេគឺទទួលបានជោគជ័យ ដូចអ្វីដែលគេបានប៉ងប្រាថ្នាពិតមែន។

សូមជូនពរឱ្យកីឡាករធឿន ធារ៉ាឆាប់បានជាសះស្បើយ និងអរគុណមហាជនដែលតែងតែគាំទ្រ ជាពិសេសគ្រប់សង្វៀនទាំងអស់របស់ស្ថានីយទូរទស្សន៍ថោន ហើយសង្ឃឹមថា ពុកម៉ែបងប្អូននឹងនៅតែបន្តការគាំទ្រ ដើម្បីគុនខ្មែររបស់យើងទៅកាន់កម្រិតពិភពលោកទាំងអស់គ្នា៕

       

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២