ភ្នំពេញ៖ បច្ចុប្បន្ននេះអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរ អ្នកណាដែលថាមិនស្គាល់ប៉ែនកាក់ មហាម៉ាត់ កីឡាករសញ្ជាតិអាហ្វហ្គានីស្ថាន ហ្វឹកហាត់នៅក្លឹបសេន ប៊ុនថេន ប៉ែនកាក់គុនខ្មែរ។ដោយកីឡាកររូបនេះហាក់ទទួលបានប្រជាប្រិយភាពមិនធម្មតា ក្រោយពីចូលរួមជាមួយនឹងគុនខ្មែរ។ ជាទូទៅការប្រកួតរបស់គេគឺប៉ះសុទ្ធតែជើងខ្លាំងគុនខ្មែរ ជួរមុខ ប៉ុន្តែមកលើកនេះ ជាកីឡាករវាយតំណាងក្លឹបគុនខ្មែរ ដោយរូបគេត្រូវប៉ះជាមួយនឹងអ្នកលេងកណ្ដាប់ដៃ ជើងខ្លាំងមកពីប្រទេសមីយ៉ាន់ម៉ា មានឈ្មោះថា សាន ទុក។


អ្នកទាំងពីរប្រកួតមិត្តភាពអន្តរជាតិគុនខ្មែរ វាយ៣ទឹក ប៉ុន្តែការប្រកួតមហាជក់ចិត្ត បីទឹកពេញវាយគ្នាដូចព្យុះ មិនដកដៃឡើយ រហូតដល់អាជ្ញាកណ្ដាលឃាត់មិនចង់ទាន់ សម្រុកបុកទាំងសងខាង ដោយម្នាក់ពូកែកែង ម្នាក់ល្អល្បឿន និងក្បាច់ វាយគ្នាមិនប្រណីដៃឡើយ។
មុនដំបូង ដើមទឹកទីមួយការប្រកួតហាក់ធ្វើឲ្យអ្នកគាំទ្រស្ងាត់ ចូលដល់ទឹកទីពីរ ទឹកទីបី សំឡេងស្រែកហ៊ោរយ៉ាងកងរំពងចាប់ផ្ដើមបន្លឺឡើង បញ្ជាក់ថា គូនេះជាគូជក់ចិត្តប្រចាំសប្តាហ៍។


ក្រោយបញ្ចប់ការប្រកួតយ៉ាងតានតឹង៣ទឹកពេញ កីឡាករបង្គោលក្រហមកូនសិស្សរបស់លោកគ្រូសេន ប៊ុនថេន បានទទួលជ័យជំនះដោយពិន្ទុក្នុងការប្រកួតយ៉ាងស្វិតស្វាញ នាព្រឹត្តិការណ៍ប្រកួតនៅលើសង្វៀន Mas Fight Cambodia នាល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ល្ងាចម៉ិញនេះ៕

ដោយ៖ វិកគី

