នាយករដ្ឋមន្រ្តីថៃព្រមានពីការចំណាយខ្ពស់ការសរសេររដ្ឋធម្មនុញ្ញថ្មីក្នុងអំឡុងពេលកូវីដ១៩

(បាងកក)៖ លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃអង្គារបានព្រមានថាថ្លៃដើមនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញអាចឈានដល់ ១០ពាន់លានបាត ខណៈគណៈរដ្ឋមន្រ្តីបានអនុម័តលើគម្រោងថវិការមួយដើម្បីត្រួសត្រាយផ្លូវសម្រាប់ការធ្វើប្រជាមតិជាតិលើការសរសេរឡើងវិញនៃធម្មនុញ្ញនេះ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BangkokPost ថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០។

លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា បាននិយាយនៅថ្ងៃអង្គារនេះថា ការធ្វើប្រជាមតិនីមួយៗលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនឹងត្រូវចំណាយប្រហែលពី៤ ទៅ ៥ពាន់លានបាតជាមួយនឹងការចំណាយដែលរាប់បញ្ចូលទាំងការចំណាយលើវិធានការបង្ការរបស់Covid-19។ គណៈកម្មាធិការរៀបចំការបោះឆ្នោត(EC) បានពន្យល់ដល់គណៈរដ្ឋមន្រ្តីថា យ៉ាងហោចណាស់ត្រូវមានការធ្វើប្រជាមតិចំនួនពីរគឺ មួយស្តីពីការធ្វើវិសោធនកម្មនៃដំណើរការផ្លាស់ប្តូរធម្មនុញ្ញដើម្បីបង្កើតស្ថាប័នព្រាងធម្មនុញ្ញ និងមួយទៀតគឺរដ្ឋធម្មនុញ្ញថ្មី។

យោងតាមអ្នកវិភាគនយោបាយរបស់ថៃបានឲ្យដឹងថា ក្នុងការធ្វើប្រជាមតិលើកទី១ អ្នកបោះឆ្នោតនឹងសំរេចថាតើពួកគេយល់ព្រមនឹងសំណើដើម្បីបង្កើតស្ថាប័នពង្រាងរដ្ឋធម្មនុញ្ញដើម្បីសរសេរធម្មនុញ្ញថ្មីដែរឬទេ ប្រ​សិ​​នបើពួកគេធ្វើឲ្យកិច្ចការនេះដំណើរការទៅមុខ នោះរដ្ឋធម្មនុញ្ញថ្មីនឹងត្រូវដាក់ឱ្យធ្វើប្រជាមតិម្តងទៀត។

គួរជម្រាបជូនថា​ ដំណើរការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវបានកំណត់បន្ទាប់ពីក្រុមសកម្មជននិស្សិតបានចាប់ផ្តើមធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលជាបន្តបន្ទាប់នៅក្នុងអំឡុងខែកក្កដាកន្លងទៅ ដែលការទាមទារមួយរបស់ពួកគេគឺតម្រូវឲ្យរដ្ឋាភិបាលសរសេររដ្ឋធម្មនុញ្ញជាថ្មីឡើងវិញ៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២