ភ្នំពេញ៖ សប្តាហ៍ដំបូងនៃការបើកទំព័រថ្មីសង្វៀនVigor Kun Khmer របស់ស្ថានីយទូរទស្សន៍ថោនរួមសហការជាមួយភេសជ្ជៈប៉ូវកម្លាំងVigor ទទួលបានការគាំទ្រគួរឲ្យកត់សម្គាល់ ។
នារាត្រីថ្ងៃអាទិត្យ ចុងសប្តាហ៍យប់ម៉ិញនេះ ដ្បិតការប្រកួតឈានចូលដល់យប់ជ្រៅក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រនៅតែផ្ដល់ភាពកក់ក្តៅមិនទៅណាឡើយ នៅរង់ចាំទស្សនារហូតដល់ចប់ ដោយហេតុចង់ដឹងថាតើកីឡាកររូបណានឹងក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ដ៏ស្រស់ស្អាតនេះ។


ឆ្លងកាត់ការប្រកួតយ៉ាងតានតឹង នៃវគ្គជម្រុះទាំងការប្រកួតប្រភេទទម្ងន់៥៤គីឡូក្រាម ទាំងការប្រកួតក្នុងប្រភេទទម្ងន់៦៧គីឡូក្រាមមានភាពតានតឹងស្ទើរតែគ្រប់គូ ដ្បិតកីឡាករខ្លះមិនអាចឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្របាន ដោយសារតែគេធ្វើគីឡូមិនបាន ប៉ុន្តែការប្រកួតជាក់ស្ដែងនៅតែល្អទស្សនាវាយអស់ពីសមត្ថភាព ដោយមានខ្លះបែក ស្រក់លោហិតពេញសង្វៀន ខ្លះសន្លប់ ខ្លះបោះបង់ការប្រកួត ឯខ្លះទៀតក៏ត្រូវអាជ្ញាកណ្ដាលបញ្ឈប់ មិនមានគូប្រកួតមួយណាបញ្ចប់ទៅដោយធម្មតាឡើយ សុទ្ធតែកក្រើកទាំងអស់។
វគ្គផ្ដាច់ព្រ័ត្រការប្រកួតទម្ងន់៥៤គីឡូក្រាម កីឡាករប៉ែនកាក់ យ៉ាស៊ីន សិស្សរបស់លោកគ្រូសេន ប៊ុនថេន ត្រូវប៉ះជាមួយកីឡាករគឿម សុវណ្ណឃីម មកពីក្លឹបប្រដាល់Super Fight and Gym យ៉ាស៊ីនមិនប្រើប្រាស់ពេលវេលាយូរឡើយ គ្រាន់តែចូលដល់ការប្រកួតភ្លាមស្ទាបស្ទង់តែបន្តិច ក៏ប្រើរន្ទះជើងទាត់ចំពេញកញ្ចឹងករបស់កីឡាករសុវណ្ណឃីម ធ្វើឲ្យកីឡាកររូបនេះដេកដួលលើសង្វៀនត្រង់ខ្លួនស្ដូកមួយរំពេច ទាំងក្រុមគ្រូពេទ្យ ទាំងអាជ្ញាកណ្ដាលរត់ឆ្លេឆ្លាចូលសង្វៀនទៅជួយសង្គ្រោះភ្លាមៗតែម្ដង ធ្វើឱ្យយ៉ាស៊ីនក្លាយទៅជាម្ចាស់ខ្សែក្រវ៉ាត់ ទទួលបានប្រាក់ឧបត្ថម្ភពីវត្តមានគណៈអធិបតីដែលចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់ ។


ចំណែកឯគូគីឡូ៦៧ វគ្គផ្ដាច់ព្រ័ត្រវិញ កីឡាករសូត្រ វាសនា សិស្សរបស់លោកគ្រូឃឹម សុជាតិ ត្រូវឡើងមកប៉ះកីឡាករ យេន ឌីណា ជាកូនសិស្សរបស់លោកអេភូថង ការប្រកួតបីទឹកពេញ យ៉ាងតានតឹងវគ្គផ្ដាច់ព្រ័ត្រគីឡូធ្ងន់នេះ អ្នកទាំងពីរប្រកួតយ៉ាងតានតឹងបីទឹកពេញ មានទៅមានមក សូម្បីតែអ្នកគាំទ្រក៏ពិបាកទស្សន៍ទាយលទ្ធផលមុនដែរ អ្នកទាំងពីរបានព្យាយាមប្រើប្រាស់ក្បាច់កែងសម្រុក ទាំងការទាត់ជើង និងការវាយកណ្ដាប់ដៃចេញមកទាំងព្រម ក្រោយពីបញ្ចប់ការប្រកួត កីឡាកយេន ឌីណា បានយកឈ្នះទៅលើកីឡាករសូត្រ វាសនាដោយពិន្ទុ ក្លាយទៅជាម្ចាស់ខ្សែក្រវ៉ាត់Vigor Kun Khmer ជាមួយនឹងប្រាក់រង្វាន់ និងប្រាក់ឧបត្ថម្ភជាច្រើន។


គួរជម្រាបផងដែរថា ព្រឹត្តិការណ៍ប្រកួតដណ្ដើមខ្សែក្រវ៉ាត់ IPCC Vigor Kun Khmer កាលពីយប់ម៉ិញនេះមានការអញ្ជើញចូលរួមពីវត្តមានរបស់លោកជំទាវ ឧកញ៉ា ជួប មាន អគ្គនាយិកាក្រុមហ៊ុនថោនគ្រុប និងឯកឧត្តមវ៉ា សុធា , MR BC TAN CEO of JFC food industry, Mr Va John CFO ក្រុមហ៊ុនថោន អ្នកបន្តវេនរបស់ Town Group , លោក Tommy Kim ប្រធានIPCC Kun Khmer និងជាទីប្រឹក្សាជាន់ខ្ពស់ស្ថានីយ៍ទូរទស្សន៍ថោន និងថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍ថោនជាច្រើនរូបទៀត ព្រមទាំងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Vigor ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អ្នកគាំទ្រគុនខ្មែរជាច្រើននាក់ចូលរួមទស្សនាយ៉ាងច្រើនកុះករ៕

ដោយ៖ វិកគី

